ខេត្តពោធិ៍សាត់៖ ដើមកញ្ឆា១៤២៦ដើមដែលក្រុមជនល្មើសលបលួចដាំនៅក្នុងភូមិសាស្ត្រព្រៃភ្នំក្នុងស្រុកវាលវែងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបដកកាប់និងដុតកម្ទេចចោលនៅនឹងកន្លែង ។
កិច្ចប្រតិបត្តិការបង្រ្កាបដកកាប់និងដុតបំផ្លាញចោលដើមកញ្ឆារាប់ពានដើមនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នៅចំណុចឃ្លាំងជីមួយកន្លែងដែលស្ថិតក្នុងសំណាញ់ ឃុំក្រពើ២ ក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ។
កិច្ចប្រតិបត្តិការបង្ក្រាបកាប់ដកដុតបំផ្លាញចោលដើមកញ្ឆាជាច្រើនពាន់ដើមដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់លោក អ៉ឹងគឹមលាង កម្លាំងរួមមានអធិការនគរបាលស្រុកវាលវែងកម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងកងរាជអាវុធហត្ថខេត្តស្រុកកម្លាំងបរិស្ថានប្រធានមន្ទីរសង្គមកិច្ចអភិបាលស្រុកអាជ្ញាធរឃុំប្រជាការពារសរុប ៤៩ នាក់ ។
អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង បានអោយដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះមុនឈានដល់ការបង្ក្រាបកម្លាំងរបស់លោកបានស្រាវជ្រាវរកទីតាំងជាយូរទើបជួបប្រទះហើយក៏បានរៀបចំផែនការចុះធ្វើការបង្ក្រាបនៅចំណុចខាងលើដែលសម្បូរទៅដោយព្រៃភ្នំហើយមានស្ថានភាពលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំឆ្លងអូដែលធ្វើអោយពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់ ។
អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង 1426 ដើមនៅនឹងកន្លែងតែម្តង ។
លោកថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានជញ្ជីងថ្លឹងកិច្ចការចំនួន 1 គ្រឿងជី.សចំនួន 1 ផងទម្ងន់30គីឡូក្រាមនិងខោអាវផងដែរ ។
បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆាខាងលើនេះដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថាការបង្ក្រាបករណីដាំកញ្ឆាលួចលាក់ក្នុងព្រៃភ្នំនៃស្រុកវាលវែងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងដុតបំផ្លាញម្ដងរួចហើយផងដែរ ៕
ដោយ៖ សូរិយា