ព័ត៌មានទាន់ហេតុការណ៍៖

អ្នករើសអេតចាយក្លាយជាជនសង្ស័យលួចទូរស័ព្ទត្រូវកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដើររើសអេតចាយបានក្លាយជាជនសង្ស័យលួចដៃទូរស័ព្ទដៃដែលគេសាកថ្មទុកនៅមុខផ្ទះ តែត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនយកទៅសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួចមក លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊យ ខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យខាងលើនេះត្រូវបានឃាត់ខ្លួននៅវេលាម៉ោង៩និង១៣នាទី ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃម៉ាកOPPO ចំនួន២គ្រឿងនិងកាំបិតប្រវែង៣៩សង់ទីម៉ែត្រ១ដើម។
លោក នួន នីណារ៉ូ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេតែងតែធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃជាញឹកញាប់ ដោយធ្វើសកម្មភាពដើររើសអេតចាយហើយបានដាក់កាំបិតដើម្បីទុកការពារខ្លួន លុះអូសរទេះមកដល់ចំណុចដីស ភូមិសាមគ្គីមានជ័យត្រង់ចំណុចផ្ទះដើមបណ្ដឹងនោះ ខ្លួនបានឃើញទូរស័ព្ទចំនួន២គ្រឿងដែលកំពុងសាកថ្ម ហើយម្ចាស់ដេកលក់ ក៏ចូលទៅលួចយក តែត្រូវម្ចាស់ភ្ញាក់ទាន់ហើយស្រែកឆោឡោ ប្ដឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្ដង។
ជនសង្ស័យខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ ចំណែកទូរស័ព្ទដៃចំនួន២គ្រឿងនោះត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕ដោយ៖ វណ្ណា


ចែករំលែក៖