អន្តរជាតិ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើនាវាចម្បាំង Tuo Chiang ស៊េរីថ្មីលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ នៅថ្ងៃអង្គារទី១៥ ខែធ្នូឆ្នាំ២០២០ បានអះអាងថា តៃវ៉ាន់ អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេស ប្រជាធិបតេយ្យលោកខាងលិច ។
លោកស្រី Tsai Ing-wen ក្នុងពិធីប្រកាសឱ្យប្រើប្រាស់នាវាចម្បាំង Tuo Chiang ស៊េរីថ្មីខាងលើ ត្រូវបានកងទ័ពជើងទឹកតៃវ៉ាន់ ដាក់រហស្សនាមឱ្យថា «អ្នកពិឃាតនាវាផ្ទុកយន្ដហោះចម្បាំង» ដោយសារតែ វាមានសមត្ថភាពបំពាក់ មីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីលប្រឆាំងយន្ដហោះចម្បាំង។ មិនតែប៉ុណ្ណោះ លោកស្រី Tsai Ing-wen បានកោតសរសើរ យ៉ាងខ្លាំងដល់សមត្ថភាពអភិវឌ្ឍ និងផលិតអាវុធទំនើបថ្មីចុងក្រោយបំផុតរបស់កោះតៃវ៉ាន់នាពេលបច្ចុប្បន្ន។
ប្រធានាធិបតីកោះតៃវ៉ាន់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមានការតាំង ចិត្តខ្ពស់ និងមានសមត្ថភាពផលិតនាវាចម្បាំងដោយខ្លួនឯងដែលនេះនឹងឱ្យពិភពលោកមើលឃើញពីវិស័យការពារជាតិ និងថាមពលអភិវឌ្ឍរបស់យើង។ នៅថ្ងៃអនាគត យើងប្រហែលជាអាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច»។
សូមជម្រាបថា ការពង្រឹងវិស័យការពារជាតិ គឺជាកិច្ចការអាទិភាពរបស់លោកស្រី Tsai Ing-wen ចាប់តាំងពីលោកស្រី ជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៦ មកម្លេះ ខណៈចិនចេះតែគំរាមវាយប្រហារ និងធ្វើសកម្មភាពយោធាកាន់ខ្លាំងឡើង នៅក្បែរកោះតៃវ៉ាន់។
គួរបញ្ជាក់ថា ក្រៅតែពីមានកងកម្លាំងយន្ដហោះចម្បាំង F-16 ដ៏ធំ នៅក្នុងតំបន់ តៃវ៉ាន់ ក៏កំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹកផងដែរ ដោយដែនកោះមួយនេះ កំពុងផ្ដោតជាសំខាន់លើការការពារព្រំដែនទឹក តាមរយៈការបញ្ចេញផែនការផលិតនាវា ចម្បាំង និងនាវាមុជទឹក ជាច្រើនគ្រឿងនៅថ្ងៃអនាគត៕ដោយ៖ស តារា