ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះដំណឹងល្អ !ខណៈអ្នកជាសះស្បើយ ចំនួន៧នាក់ និងមិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មីនោះទេ

ចែករំលែក៖

ភ្នំពេញ៖ មិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជានោះទេ មានតែករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៧នាក់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្រសួងបានចេញបញ្ជាក់ថា , អ្នកជាសះស្បើយជំងឺកូវីដ-១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីក្រៅប្រទេសរួមមានដូចខាងក្រោម៖

ទី១- កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។

ទី២-បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ទី៣- បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។

ទី៤- ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ទី៥-បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

សូមកត់សម្គាល់ថា បុគ្គលទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ទី៦-ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ទី៧- បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

ក្រសួងសុខាភិបាលបញ្ជាក់ថា  គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣១៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជាអាចគ្រប់គ្រងបានហើយ តែយើងនៅមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍នេះបាននៅឡើយទេ៕

ដោយ៖ សិលា


ចែករំលែក៖