ព័ត៌មានទាន់ហេតុការណ៍៖

តុលាការក្រុងតូក្យូ កាត់ទោសប្រហារជីវិតបុរសជនជាតិជប៉ុនម្នាក់ ពីបទឃាតកម្មលើមនុស្ស៩នាក់ ដែលគាត់បានជួបតាមអនឡាញ

ចែករំលែក៖

អន្តរជាតិ៖ បុរសជនជាតិជប៉ុនម្នាក់ ដែលមានរហ័ស្សនាមថា «Twitter Killer» បានសម្លាប់ និងកាប់ចិញ្រ្ចំាមនុស្សចំនួន ០៩នាក់ ដែលគាត់បានជួបតាមប្រព័ន្ធអនឡាញ ត្រូវបានតុលាការក្រុងតូក្យូ ផ្តន្ទាទោសប្រហារជីវិតនៅថ្ងៃអង្គារទី១៥ ខែធ្នូ ឆ្នាំ២០២០។

បើតាមចម្លើយសារភាពរបស់លោក តាកាស៉ីរ៉ូ ស៉ីរ៉ៃស៉ី (Takahiro Shiraishi) អាយុ៣០ឆ្នាំ បានរៀបរាប់ប្រាប់ពីការសម្លាប់ជនរងគ្រោះវ័យក្មេងចំនួន០៩នាក់ ដែលក្នុងនោះមានម្នាក់ជាស្ត្រី ដែលគាត់បានជួបតាមបណ្ដាញទំនាក់ទំនងសង្គម។

ជាមួយគ្នានេះនៅថ្ងៃអង្គារនេះដែរ មេធាវីរបស់លោក តាកាស៉ីរ៉ូ ស៉ីរ៉ៃស៉ី បានប្រកែកថា គាត់គួរតែទទួលការកាត់ទោសជាប់គុក ជំនួសការកាត់ទោសប្រហារជីវិតវិញ ពីព្រោះជនរងគ្រោះ ដែលមានអាយុចន្លោះពី១៥ ទៅ២៦ឆ្នាំទាំងនោះ បានសម្តែងពីគំនិតចង់ធ្វើអត្តឃាតនៅលើបណ្តាញទំនាក់ទំនងសង្គម ដូច្នេះមានន័យថាពួកគេបានយល់ព្រមទទួលការស្លាប់នេះ។ ប៉ុន្តែមន្ត្រីតុលាការជប៉ុន បានថ្លែងប្រាប់សារពត៌មានAFP ថា លោក តាកាស៉ីរ៉ូ ស៉ីរ៉ៃស៉ីត្រូវតែកាត់ទោសប្រហារជីវិត។

ក្រៅពីនេះ ចៅក្រមក្រុងតូក្យូ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ គ្មានជនរងគ្រោះណាម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង០៩នាក់នោះ ដែលបានយល់ព្រមឱ្យគេសម្លាប់ រួមទាំងយល់ព្រមដោយស្ងៀមស្ងាត់នោះទេ។ បន្ថែមពីនេះ ចៅក្រម បានសង្កត់ធ្ងន់ថា វាពិតជាធ្ងន់ធ្ងរណាស់ដែលអាយុជីវិតរបស់ជនរងគ្រោះទាំង ០៩នាក់ត្រូវបានគេសម្លាប់ ហើយសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ត្រូវបានគេជាន់ឈ្លី។ នេះបើយោងតាមទូរទស្សន៍រដ្ឋជប៉ុន NHK បានចុះផ្សាយ។

សូមជម្រាបថា លោក Takahiro Shiraishi បានប្រើគណនីបណ្ដាញទំនាក់ទំនង Twitter របស់គាត់ ដើម្បីទាក់ទងទៅជនរងគ្រោះដែលបានសម្ដែងពីគំនិតចង់ធ្វើអត្តឃាតរបស់ពួកគេ ដោយប្រាប់ពួកគេថា គាត់អាចជួយពួកគេនៅក្នុងផែនការនេះបាន ឬស្លាប់ជាមួយពួកគេ។

គួរបញ្ជាក់ថា ប្រទេសជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលបានរក្សាទោសប្រហារជីវិត ហើយការគាំទ្រពីសាធារណៈចំពោះទោសប្រហារជីវិតនេះ នៅក្នុងប្រទេសជប៉ុននៅតែខ្ពស់ដដែល។ ច្រើនឆ្នាំកន្លងផុតទៅ ការកាត់ទោសប្រហារជីវិតចុងក្រោយបំផុតនៅប្រទេសជប៉ុនគឺកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដែលបុរសជនជាតិចិនម្នាក់ត្រូវបានព្យួរកពីបទឃាតកម្មលើក្រុមគ្រួសារដែលមានសមាជិក០៤នាក់៕ដោយ៖ស តារា


ចែករំលែក៖