ព័ត៌មានទាន់ហេតុការណ៍៖

បារាំង​រឹបអូស អាវុធជាច្រើនសល់ពីសម័យសង្គ្រាមលោកលើកទីពីរ

ចែករំលែក៖

កាលពីថ្ងៃទី​១៥ខែធ្នូ កម្លាំងប៉ូលិសបារាំង បានប្រកាសថា បានរកឃើញ​ នឹងរឹបអូស អាវុធ គ្រាប់រំសេវ ជាងមួយតោន​​ បន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ​។ ការរកឃើញគឺស្ថិតនៅតំបន់ ភាគអាគ្នេយ៍នៃប្រទេសនេះ។
មន្ត្រីប៉ូលិសបារំាង បានឲ្យដឹងថា​ នៅក្នុងការឆែកឆេរ​​នៅទីក្រុង Annecy ​ប៉ូលិសក៏បានរកឃើញ​គ្រាប់រំសែវ ជាង ១តោន ក្នុងនោះមានកាំភ្លើងបាញ់សត្វ កាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់រំសេវជាង ៣០០គីឡូក្រាម ដែលបានរក្សាទុកនៅក្នុង ការាសឡាន ។​ ជាមួយគ្នានោះកម្លាំងសន្តិសុខក៏បានរកឃើញឧបករណ៍សម្រាប់ផលិតអាវុធផងដែរ។
កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនបុរសវ័យ​២០​ឆ្នាំដោយសង្ស័យពីការជួញដូរអាវុធ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិស ចំនួនអាវុធខាងលើ ជារបស់អ្នកដែលលក់អាវុធ និង​មានចំណូលចិត្តរក្សាទុកអាវុធបន្សល់ពីសម័យសង្គ្រាមលោកលើកទីពីរ​។
ការរកឃើញអាវុធខាងលើ កើតឡើងក្នុងពេលដែលបារាំង រឹតបន្តឹង សន្តិសុខ ទប់ស្កាត់ការវាយប្រហារ​ កើតឡើងនៅក្នុងប្រទេសនេះ ។ កន្លងមក បារាំងប្រឈម ការវាយប្រហារជាបន្តបន្ទាប់ពីក្រុមភេរវករ ដែលលាក់ខ្លួនក្នុងទឹកដីបារាំង​ ហើយការវាយប្រហារភាគច្រើនប្រើកាំបិត៕ដោយ៖ធី រីណា

រូបភាព៖ thespuzz.com

 


ចែករំលែក៖