ខេត្តព្រះសីហនុ ៖ ចំពោះបុគ្គល ថន វីរ: ពីមួយថ្ងៃទៅមួយថ្ងៃ បន្តលេចចេញនូវរឿងអាស្រូវ ជាប់ពាក់ព័ន្ធនឹងបណ្ដឹងកាន់តែច្រើន បន្ទាប់ពីអង្គភាពបញ្ជាការដ្ឋានអង្គរក្ស បណ្ដេញចេញពីអង្គភាព ហើយទទួលតំណែងថ្មីជាទីប្រឹក្សាសម្ដេចក្រឡាហោមនោះ។
មានករណីថ្មីទៀតហើយ ដល់ថ្នាក់ លោក មាស វាសនា ដែលគេស្គាល់ថាជាកូនបង្កេីតរបស់លោកជំទាវ ហ៊ុន សេងនី និង ត្រូវជាក្មួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្ដឹងឈ្មោះ ថន វីរៈ ដែលទេីបតែងតាំងជាទីប្រឹក្សាថ្នាក់ដឹកនាំថ្មីៗនេះ ពីបទ ប្រេីហិង្សាទៅលេីអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តទៅនៅភូមិ ថ្មធំ ឃុំ រាម ស្រុក ព្រៃនប់ ខេត្ត ព្រះសីហនុ កាលពីឆ្នាំ ២០១៩ លេីដីទំហំ ៥ ហិកតា ។
យោងតាមការរៀបរាប់នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ដែលមានប្រថាប់ត្រាមេធាវីផងនោះ បានអោយដឹងថា នៅឆ្នាំ ២០១៧ លោក មាស វាសនា បានទិញដីខាងលេីពីឈ្មោះ គង់ វ៉ាន់ណូ ដែលមានក្បាលដីទំហំ ៥០ ម៉ែត្រ ជំរៅ ១០០០ ម៉ែត្រ មាមព្រំប្រទល់ខាងជេីងទល់នឹង ឈុន ជ្រា ខាងត្បូងទល់នឹង ជិន សោភ័ណ្ឌ ខាងកេីតទល់នឹង ផ្លូវក្រុមហ៊ុន យិះចៀ ខាងលិចទល់នឹង ថន ចាន់ថុន ហេីយដីនេះ ឈ្មោះ គង់ វ៉ាន់ណូ បានទិញពីឈ្មោះ ថន វីរៈ និង ប្រពន្ធឈ្មោះ ថន ចាន់ថុន កាលពីឆ្នាំ ២០១២ ដោយមានធ្វេីឯកសារទទួលស្គាល់ពី អាជ្ញាធរភូមិ ឃុំ ស្រុក ត្រឹមត្រូវ និង មានធ្វើលិខិតប្រគល់ទទួលលុយផងដែរ ។
លុះនាំគ្នាទៅមេីលដីស្រាប់តែឃេីញមានគេសង់ផ្ទះ និង ធ្វើរបងព័ទ្ធយកតែម្ដង ។ ពេលសួរនាំទេីបដឹងថា អ្នកដែលធ្វើរបងព័ទ្ធយកនោះគឺ ឈ្មោះ ថន វីរៈ និង ប្រពន្ធក្រោយឈ្មោះ ឈុន ម៉ីលីង ។ ក្រោយពីបានដឹងឈ្មោះ ថន វីរៈ ធ្វើបែបនេះ លោក មាស វាសនា និង លោក គង់ វ៉ាន់ណូ បានព្យាយាមស្វែងរកជួប ថន វីរៈ ជាបន្តបន្ទាប់ តែឈ្មោះ ថន វីរៈ បានគេចវេសមិនជួប ទេីបលោក មាស វាសនា ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ទៅកាន់ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។ នៅក្នុងពាក្យបណ្ដឹងរបស់លោក មាស វាសនា បានសំណូមពរឱ្យតុលាការផ្ដន្ទាទោសឈ្មោះ ថន វីរៈ តាមផ្លូវច្បាប់អោយបានធ្ងន់ធ្ងរ និង ទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ៥០ ម៉ឺន ដុល្លារ អាមេរិក ។
ប្រភពពីប្រជាពលរដ្ឋដែលរងគ្រោះដោយឈ្មោះ ថន វីរៈ បានអោយដឹងថា គេពិបាកតតាំងជាមួយ ថន វីរៈ ណាស់ ព្រោះតែមានមន្ត្រីមានអំណាចនៅការពារ ថន វីរៈ ពីក្រោយជាប់ជានិច្ច ។ សូម្បីតែ តុលាការក៏ពិបាកធ្វេីការដែរ ព្រោះអោយតែមានបណ្ដឹងរបស់ប្រជាពលរដ្ឋដាក់ទៅដល់ តុលាការ ដឹងតែខ្នងបង្អែករបស់ ថន វីរៈ ទូរស័ព្ទអន្តរាគមន៍ទៅភ្លាម ដែលធ្វើឲ្យតុលាការញាក់សាច់មិនហ៊ានប៉ះ ថន វីរៈ ទេ ទោះបីគេដឹងថា ថន វីរៈ ប្រព្រឹត្តខុសច្បាប់ក៏ដោយ។
តាមពិតទៅ អ្នកមានអំណាចមួយចំនួន គួរធ្វើការពិចារណាអំពីទិដ្ឋភាពច្បាប់ និងអំពីទម្លាប់អន្តរាគមន៍ តើមានផលប៉ះពាល់អ្វីខ្លះចំពោះកិត្តិយស ខណ:បុគ្គលរូបនេះ គាត់បង្កើតបញ្ហា មិនចេះចប់ មិនចេះហើយ និងជាបុគ្គលដែលថ្នាក់លើ ពិសេសអង្គភាពផ្ទាល់ខ្លួនបណ្ដេញចេញ តាមរយៈការប្រព្រឹត្តល្មើសច្បាប់ ណែនាំមិនស្ដាប់នេះជាដើម។
មហាជនរង់ចាំមេីលថា តេី បណ្ដឹងរបស់ក្មួយនាយករដ្ឋមន្ត្រី តុលាការនឹងចាត់ការបែបណា បេីភស្តុតាងក៏មាន សាក្សីក៏មាន ហេីយសកម្មភាពជាក់ស្ដែងក៏ឃេីញ ថន វីរៈ កំពុងកាន់កាប់ដីដែលខ្លួនលក់ទៅអោយគេហេីយនោះមែន ។
ប្រភពពីសាលាដំបូងខេត្តព្រះសីហនុ បានអោយដឹងថា ក្រៅពី បណ្ដឹងរបស់ក្មួយនាយករដ្ឋមន្ត្រី ក៏មានបណ្ដឹងរបស់ប្រជាពលរដ្ឋជាច្រើនករណីទៀតផងដែរ ។ ប្រជាពលរដ្ឋខ្លះប្ដឹងទៅ អាជ្ញាធរ ប្រជាពលរដ្ឋខ្លះប្ដឹងទៅ តុលាការ ។ល។
រឿងរ៉ាវរបស់ លោក ថន វីរ: គ្មានអ្វីដែលថ្នាក់លើត្រូវការប្រើពេលវេលា ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ពីបុគ្គលនេះ ខុសឬត្រូវទេ សិក្សាតែបណ្ដឹងតាមផ្លូវតុលាការ គឺមានច្រើនណាស់ ទាំងនៅតុលាការខេត្តព្រះសីហនុ តុលាការខេត្តកណ្ដាល ទាំងរឿងព្រហ្មទណ្ឌ នឹងរឿងរដ្ឋប្បវេណី គឺមានច្រើនសំណុំរឿងបំផុត។
បើការលើកឡើង របស់លោក ថន វីរ: លើលិខិតបដិសេធ តាមរយៈមេធាវី សៅ សម្បត្តិ ដែលជាមេធាវីតំណាងដោយអាណត្តិ បកស្រាយផ្ទុយពី ការប្រព្រឹត្តរបស់លោក ថន វីរ: ខណៈលើកឡើងតែពីគុណសម្បត្តិ ថា លោក ថន វីរ: ជាអ្នកធ្វើបុណ្យធ្វើទាន សាងអំពើល្អ ស្រឡាញ់ប្រជាពលរដ្ឋ មិនមានជាប់ពាក្យព័ន្ធបណ្ដឹងណាមួយនៅតុលាការ។ ចំពោះករណី អង្គភាពបញ្ជាការដ្ឋានអង្គរក្ស បណ្ដេញចេញពីអង្គភាពនោះ សុទ្ធតែលើកឡើងថា ការមួលបង្កាច់របស់មនុស្សមួយចំនួន ទើបធ្វើឲ្យលោក ថន វីរ: សម្រេចឈប់ពីការងារ ដោយគ្មានពេលវេលាគ្រប់គ្រាន់ទៅបំពេញ ។ ផ្ទុយទៅវិញ នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ ថន វីរ: មិនមែនគាត់សុំឈប់ពីការងារទេ គឺខាងអង្គភាពបានបណ្ដេញ ដកឈ្មោះចេញពីក្របខណ្ឌកងទ័ពតែម្ដង៕
ដោយ៖សុខ ខេមរា