ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង កម្ពុជា-ចិន បាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ជាច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា, ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងផ្តល់ផលប្រយោជន៍ជាច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាក់ស្ដែងសម្រាប់វិស័យកសិកម្ម ភាគីចិនបាននិងកំពុងបន្តផ្តល់ការគាំទ្រ និងជំនួយឧបត្ថម្ភជាច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម រួមទាំងបានអនុញ្ញាតឲ្យកម្ពុជានាំចូលកសិផលទៅកាន់ទីផ្សារចិនផងដែរ ជាក់ស្តែងថ្មីៗនេះបានចុះហត្ថលេខាលើពិធីសារស្តីពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន”។ 

ដោយឡែក វិស័យសុខភាពសត្វ និងផលិតកម្មសត្វ កាលពីថ្ងៃទី៤ ខែធ្នូ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើសំណើស្នើសុំទៅជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធាររណរដ្ឋប្រជាមានិតចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជាកំពុងប្រឈម។ តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នៅថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយបានសម្របសម្រួលជាមួយវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ (Lanzhou Veterinary Research Institute) សមាគមថ្នាំ ពេទ្យ និងបសុពេទ្យចិន (China Veterinary Drug Association) និងក្រុមការ ងារនៃសាកលវិទ្យាល័យកសិកម្មចិនសម្រាប់សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យ និងថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្តល់ជូនភាគីកម្ពុជាផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ។ ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទាំងពីរបាននិងកំពុងធ្វើការសម្រប សម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគិនចិនដែលមានបំណងធ្វើការវិនិយោគដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជានាពេលខាងមុខ។ 

លោករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបាននិងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖