BBC Sport បានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៧ ធ្នូនេះថា ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល១៨ ខែ។ លោក Allardyce ដែលមិនបានគ្រប់គ្រងតាំងពីចាកចេញពីក្រុម Everton កាលពីឆ្នាំ២០១៨ បានចូលកាន់កាប់តំណែងបន្ទាប់ពីក្លិបបានបណ្តេញលោក Slaven Bilic ចេញ។
អតីតគ្រូបង្វឹកអង់គ្លេសវ័យ៦៦ឆ្នាំ Slaven Bilic ធ្លាប់ទទួលបន្ទុកគ្រប់គ្រងក្លិបចំនួន៧នៅ Premier League ហើយមិនទាន់មានក្លិបណាមួយដែលលោកដឹកនាំត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសនោះទេ។លោក Slaven Bilic បានដឹកនាំ West Brom ឈរចំណាត់ថ្នាក់លេខ១៩ក្នុងតារាងដែលមាន៧ពិន្ទុក្នុង១៣ប្រកួត។
ក្រុម West Brom ទទួលបានលទ្ធផលស្មើ ១-១ នៅឯក្រុម Manchester City កាលពីថ្ងៃអង្គារប៉ុន្តែបានឈ្នះការប្រកួតក្របខ័ណ្ឌ Premier League តែមួយលើកគត់ក្នុងរដូវកាលនេះដោយបានផ្តួលក្រុមបាតតារាង Sheffield United ១-០ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។
នាយកផ្នែកកីឡានិងបច្ចេកទេសលោក Luke Dowling បាននិយាយថា“យើងមានបុរសម្នាក់ដែលមានបុគ្គលិកលក្ខណៈពូកែខាង Premier League ជាមួយនឹងកំណត់ត្រានៃការកែលំអគ្រប់ក្លិបដែលគាត់បានគ្រប់គ្រង។ យើងជឿជាក់ហើយសំខាន់ជាងនេះទៅទៀត Sam Allardyce ជឿថាយើងមានក្រុមកីឡាករដែលមានគុណភាពដែលត្រូវការដើម្បីផ្តល់ឱ្យក្លិបនូវឱកាសល្អបំផុតសម្រាប់ការឈរជើងនៅក្របខ័ណ្ឌ Premier Leagueបន្តទៀត” ។
សូមបញ្ជាក់ថា លោក Allardyce ត្រូវបានបណ្តេញចេញពីតំណែងដោយក្លិប Everton កាលពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីទទួលបន្ទុកបាន៦ខែ។ ក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣នៅ Premier League នៅពេលដែលគាត់បានកាន់កាប់ និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ទី៨ ប៉ុន្តែលោក Allardyce ត្រូវបានគេរិះគន់ចំពោះទម្រង់លេងរបស់ក្រុមក្នុងអំឡុងពេលការដឹកនាំរបស់គាត់។អាជីពជាអ្នកចាត់ការទូទៅរបស់លោក Allardyce ក៏ធ្លាប់បានដឹកនាំក្លិបដូចជាBolton Wanderers, Newcastle, Blackburn, West Ham និង Sunderland ផងដែរ ៕
ដោយ៖ភារៈ