ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottanham ២ទល់១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឈានចូលថ្ងៃទី១៧ ដោយក្រុមនេះបានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។
ការប្រកួតកាលពីយប់មិញនេះក្រុមម្ចាស់ហង្សក្រហមមានប្រៀបជាងក្រុមភ្ញៀវ Tottanham ដោយការគ្រប់គ្រងបាល់មានរហូតដល់៧៦ភាគរយ, ការស៊ុតរបស់ Liverpool មាន១៧ជើង រីឯ Tottanham មានតែ៨ជើងប៉ុណ្ណោះ។ ចំណែកការស៊ុតបាល់ចំគោលដៅក្រុម Liverpool មាន១១ដង ខណៈ Tottanham មានតែ២ដង។ ដូច្នេះស្ថិតិនេះធ្វើឲ្យក្រុមហង្សក្រហមមានឱកាសយកឈ្នះច្រើនជាងក្រុមភ្ញៀវ ដោយទទួលបាន៣ពិន្ទុបន្ថែមទៀត។
ការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអេហ្ស៊ីប Mohamed Salah មានឱការរកគ្រាប់បាល់នាំមុខមុនក្រុម Tottanham នៅនាទីទី២៤ ប៉ុន្តែនៅនាទីទី៣៣ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតនៅតង់ទី១ លទ្ធផលស្មើគ្នា១ទល់១។
ចូលដល់ការប្រកួតតង់ទី២ ក្រុមទាំង២បានព្យាយាមរកគ្រាប់បាល់រៀងៗខ្លួន ដោយក្រុមហង្សក្រហម Liverpool មានឱកាសច្រើនក្នុងការស៊ុត ប៉ុន្តែមិនបានបំប៉ោងសំណាញ់ទីក្រុម Tottanham ឡើយ។ រហូតដល់នាទីទី៩០ជិតចប់ការប្រកួតទៅហើយខ្សែប្រយុទ្ធ Roberto Firmino របស់ក្រុមហង្សក្រហម មានឱកាសរកគ្រាប់បាល់ចុងម៉ោងដោយការបញ្ជូនបាល់យ៉ាងល្អពី Robertson ធ្វើឲ្យចប់ការប្រកួតក្រុមហង្សក្រហម Liverpool យកឈ្នះក្រុមមាន់ខ្នាយមាស Tottanham ក្នុងលទ្ធផល២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុមហង្សក្រហមឡើងទៅឈរចំណាត់ថ្នាក់លេខ១បណ្តោះអាសន្នមាន២៨ពិន្ទុ ខណៈដែលក្រុមមាន់ខ្នាយមាស Tottanham ធ្លាក់មកឈរចំណាត់ថ្នាក់លេខ២មាន២៥ពិន្ទុ។ ជាមួយគ្នានោះលទ្ធផលក្រុមផ្សេងទៀតដូចជា ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានត្រឹមស្មើ១ទល់១ជាមួយក្រុម Southampton, ក្រុមម្ចាស់ផ្ទះ Leeds United បានយកឈ្នះក្រុមNewcastle United ៥ទល់២, ក្រុមម្ចាស់ផ្ទះ Leicester City ចាញ់ក្រុមភ្ញៀវ Everton ២ទល់០, West Ham បានត្រឹមស្មើ Crystal Palace ១ទល់១ និងក្រុម Fulham បានត្រឹមស្មើ ០ទល់០ ទៅលើក្រុម Brighton ដែរ ៕
ដោយ៖ភារៈ