ខេត្តកណ្ដាល៖ កុមារី២នាក់នាំគ្នាទៅរាវខ្យងនៅក្នុងប្រឡាយទឹកមួយកន្លែង បណ្ដាលឲ្យលង់ស្លាប់គួរឲ្យអាសូរ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៩ និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចប្រឡាយព្រែកធំខាងក្រោយផ្ទះ ស្ថិតនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់មាន២នាក់ ទី១-កុមារីឈ្មោះ សុខឃី ធីតាអាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានម្ដាយឈ្មោះ ម៉ុន អុល អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងកុមារីទី២-ឈ្មោះ ភី សុខលាង អាយុ៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានឪពុកឈ្មោះ ផូ ភី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្តាយឈ្មោះ ផាត សុខលី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ កុមារីទាំង២នាក់មានទីលំនៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៥ និង១០នាទី កុមារីទាំង២នាក់ បានបបួលគ្នាទៅរាវខ្យងនៅប្រឡាយធំខាងក្រោយផ្ទះ លុះដល់ម៉ោង១៩និង៣០នាទី ដោយមិនឃើញកុមារីទាំង២នាក់ត្រឡប់មកផ្ទះវិញ ក៏មានការសង្ស័យនាំគ្នាដើររក និងចុះទៅរាវរកនៅក្នុងទឹកប្រឡាយ ក៏បានប្រទះឃើញសាកសពកុមារី (ជនរងគ្រោះ)ទាំង២បានលង់ទឹកស្លាប់បាត់ទៅហើយ។ បន្ទាប់មកខ្លួនបានយកសាកសពកុមាររងគ្រោះត្រឡប់មកផ្ទះ ហើយរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលខ្ពប និងនគរបាលជំនាញស្រុក មកធ្វើការពិនិត្យសព ដោយមានការចូលរួមពីគ្រូពេទ្យមណ្ឌលសុខភាព ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពឃើញថា ជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ផ្សេងទៀតទេ។ តាមការសន្និដ្ឋានពី
លោកគ្រូពេទ្យជំនាញ ជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ