ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លិញ សុវឌ្ឍនា ប្រធានសាខា ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ និងអជ្ញាធរដែនដី បានប្រតិបត្តិការការងារ ចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូអាហារ និងធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង-ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមមន្រ្តីមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានឲ្យដឹងថាគោលបំណង នៃការត្រួតពិនិត្យនេះ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព និងទំនិញដែលមិនមានអនុលោមភាព ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ក្នុងសកម្មភាពនេះ ក្រុមការងារបានត្រួតពិនិត្យទំនិញវេចខ្ចប់រួចជាស្រេច និងបានធ្វើតេស្តបឋមលើផលិតផលទំនិញបានចំនួន១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង(ថៃ) ពពុះសណ្ដែក សរសៃបាញ់កាញ់ និងអំបិល(០២គំរូ) ដើម្បីវិភាគរកសារធាតុ អុីយ៉ូត និងសារធាតុគីមីហាមឃាត់។
ប្រភពដដែលបានឲ្យដឹងទៀតថាជាលទ្ធផលក្នុងការត្រួតពិនិត្យនេះ ក្រុមការងារជំនាញ បានដកហូតទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព និងទំនិញ ដែលមិនមានអនុលោមភាព សរុបបានចំនួន៤២.៦១ គីឡូក្រាម រួចយកមកធ្វើការបំផ្លាញចោលក្នុងនោះរួមមាន ៖
-ទឹកសណ្ដែកកូនក្មេង (ថៃ) ចំនួន ៦៦ប្រអប់តូច
-ទឹកក្រូចម៉ាក Big CoLa ដបតូច (ថៃ) ចំនួន៤៨ដប
-ប្រហិតហតដក (ថៃ) ចំនួន៤កញ្ចប់និង
-ប្រហិតសាច់គោ សាច់ជ្រូក (ថៃ) ចំនួន១៥ថង់។
នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញបានបិទ និងផ្សព្វផ្សាយ ផ្ទាំងរូបភាព(Poster) បានចំនួន ៥០ផ្ទាំង និងពន្យល់ណែនាំដល់អាជីវករឲ្យបានយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដើម្បីជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលអាចប្រឈមចំពោះមុខច្បាប់ថែមទៀតផង។
ជាមួយនេះដែរ ក្រុមការងារបានត្រួតពិនិត្យ ដោយធ្វើតេស្តបឋមលើអាល់កុលបានចំនួន០២គំរូ និងតាមដាន លើតម្លៃម៉ាស់ អាល់កុល ជែល ដែលដាក់លក់តាមបណ្ដា ឱសថស្ថាននានាឃើញថា ពុំមានអាល់កុលក្លែងក្លាយ (មេតាណុល) ហើយចំពោះតម្លៃក៏ពុំមានការប្រែប្រួលនោះដែរ៕
ដោយ៖ប្រាថ្នា