ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សនៅមាត់ទន្លេបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សដែលបន្សល់ទុកតែគ្រោងឆ្អឹងចាប់ពីចង្កេះដល់ជង្គង់តែប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុនោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ តែសង្ស័យជាក្មេងប្រុសអាយុប្រហែលជាង១០ឆ្នាំ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញគ្រោងឆ្អឹងមនុស្សនេះដោយសង្ស័យថាជាវត្ថុអ្វីផ្សេងទើបប្រជាពលរដ្ឋយកឈើឆ្កឹះដាក់លើច្រាំងទន្លេក៏ឃើញថាជាឆ្អឹងសពមនុស្សដែលបន្សល់ទុកត្រឹមចង្កេះទៅដល់ជង្គង់ ស្លៀកខោកីឡាតែប៉ុណ្ណោះ ចំណែករូបរាងដទៃទៀតរលួយបាត់អស់តែម្ដង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះមកដល់ទីតាំងកើតហេតុរួចធ្វើការត្រួតពិនិត្យទៅលើសាកសពរួចយកទៅបូជានៅវត្តដើម្បីឧទ្ទិសកុសលផលបុណ្យជូនសពជនរងគ្រោះ ព្រោះសពមិនត្រូវបានស្គាល់អត្តសញ្ញាណ ហើយក្រុមគ្រួសារក៏មិនអាចរកឃើញនោះដែរ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖