ព័ត៌មានទាន់ហេតុការណ៍៖

បទ” យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត” ឆ្លុះបញ្ចាំងពីជីវិតរបស់ទូចស្រីលក្ខណ៍

ចែករំលែក៖

ភ្នំពេញ៖ យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត គឺជាបទចម្រៀងថ្មីដែលនិពន្ធទំនុកច្រៀង  និងបទភ្លេងដោយតារាចម្រៀង និងសម្តែង ទូច ស្រីលក្ខណ៍ នោះ បាននិងកំពុងតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន។ កាន់តែចាប់អារម្មណ៍គឺក្រោយពីបទចម្រៀងនេះត្រូវបានគេសង្ស័យដែរថាបានឆ្លុះបញ្ចាំងពីតថភាពពិតនៃជីវិតតារាចម្រៀងរូបនេះពិសេសជុំវិញរឿងរ៉ាវស្នេហាប្តីប្រពន្ធនាងកន្លងមក។

ធ្លាប់ធ្វើឲ្យភ្ញាក់ផ្អើលអស់មហាជនជុំវិញបណ្តឹងលែងលះ រហូតលេចចេញប្រតិកម្មពីអតីតស្វាមី ចេញមុខបកស្រាយអមដោយលិខិតបំភ្លឺ បាញ់ចាក់ឈឺចំដំបៅបេះដូងរបស់ ទូច ស្រីលក្ខណ៍ ដែលស្ទើលោតចេញក្រៅព្រោះតែពាក្យចោទប្រកាន់ខ្លះហាក់ធ្ងន់ធ្ងរសម្រាប់នាង។ ទំនងជាចង់បន្ធូរអារម្មណ៍ និងអាចបង្ហាញសាច់រឿងមួយផ្នែកតូចចែកជូនមហាជន តារាចម្រៀងរូបនេះបង្ហើរសូរសៀងលើបទចម្រៀងមនោសញ្ចេតនាបែបកម្សត់សោកសង្រេងមួយបទថ្លាថ្លែងពីរឿងគេឆក់យកប្តីចេញពីទ្រូងហើយ ត្រូវឈឺចិត្តស្អិតទ្រូងមួយជាន់ទៀតនឹងការផុសបង្ហោះឌឺដងដៀមដាមជាសាធារណៈ​ដែលស្រីណាទ្រាំមិនឈឺបាននោះកន្លងទៅនេះមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ និងមហាជនក្រោយពី តារាសម្តែង និងចម្រៀង អ្នកនាង ទូច ស្រីលក្ខណ៍ចាប់ផ្តើមរៀបរាប់ពីភាពឈឺចាប់មួយចំនួនពិសេសមូលហេតុនៃការបែកបាក់ស្វាមីជាជនបរទេស ព្រោះមានអ្នកទីបី។ ទោះជាយ៉ាងណាការបញ្ចេញបទចម្រៀងនេះក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសរវាងនាង និងអតីតស្វាមីកាលពីអំឡុងខែកញ្ញាកន្លងទៅនេះសារជាថ្មី បន្ទាប់ពីស្វាមីនាងលោកMorten Kvammen បានចេញមុខប្រតិកម្ម

ដោយអះអាងដែរថា មានមនុស្សជាច្រើនបានយល់ថា លោកជាស្វាមីមានស្រីថ្មី និងឈប់យកចិត្តទុកដាក់លើប្រពន្ធកូន ទាំងនោះជាការប្រឌិតប៉ុណ្ណោះ។ ស្រីលក្ខណ៍ ព្យាយាមបង្ហាញភាពឈឺចាប់ យំយែកលើឆាកតន្ត្រី ដើម្បីកាន់តែឲ្យគេមើលឃើញ លោកថា ជាភាគីសាងកំហុសនោះ។

ទោះជាយ៉ាងណាគេចាំបានដែរថា តារាចម្រៀង ទូច ស្រីលក្ខណ៍បានរៀបការជាមួយស្វាមី ជនជាតិអង់គ្លេសឈ្មោះ ម័រថេន ក្វាមេនចាប់តាំងពីឆ្នាំ២០១១មកម៉្លេះ។ នាងទទួលបានចំណងដៃកូនប្រុសវ័យ៥ឆ្នាំម្នាក់ក្នុងបន្ទុកនាពេលបច្ចុប្បន្ន។

បទចម្រៀងអប់រំបែបសង្គមគ្រួសារជាច្រើនបន្ទាប់ត្រូវបានបញ្ចេញ ពិសេសបទចម្រៀងOriginal Songដែលរៀបរាប់ពីសង្គមគ្រួសារបែកបាក់នោះ ដែលគេដឹងដែរថាអត្ថន័យក្នុងបទចម្រៀងនេះមានពាក់ព័ន្ធទៅនឹងជីវិតគ្រួសាររបស់នាងមួយផ្នែកធំ៕

ដោយ៖ វឌ្ឍនា

 


ចែករំលែក៖