ព័ត៌មានទាន់ហេតុការណ៍៖

រដូវធ្វើត្រីប្រហុក ផ្អកមកដល់ហើយ ! កុំភ្លេចណាបងប្អូនជនរួមជាតិ នាំគ្នាធ្វើរក្សាទុក

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ។ល។ សម្រាប់បរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែបុស្ស ឲ្យបានរួសរាន់ ចាប់ពីថ្ងៃ ៦កើត ដល់ថ្ងៃ ១២កើត ត្រូវនិងថ្ងៃទី ២០ ខែធ្នូ រហូតដល់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

សូមបញ្ជាក់ថា,រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២០-២០២១នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើកំពស់ ទឹកដែលហូរចេញពីបឹងទន្លេសាបរួចមក ឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិង ខេត្តកណ្តាល អាចនេសាទត្រីបានច្រើននៅក្នុងខែបុស្សនេះ គឺចាប់ពីថ្ងៃ៦កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី២០ រហូត ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រីក្នុងខែបុស្សនេះ ឱ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចបានជម្រាបជូនខាងលើ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមក ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី កុំឱ្យ មានការរាំងស្ទះតាមការគួរ៕

ដោយ៖ សិលា


ចែករំលែក៖