ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសោភណភាពស្រះវង់និងទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង ក្រុងស្វាយរៀងនៅព្រឹកថ្ងៃព្រហស្បតិ៍៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ក្នុងឱកាសចុះពិនិត្យនេះក៏មានការចូលរួមពីលោក ហែម ពិសិដ្ឋអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសុរិយោដីខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកអនុប្រធានអង្គភាពអគ្គិសនីស្វាយរៀង ព្រមទាំងក្រុមការងារជាច្រើនរូបផងដែរ។
បើតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឱ្យដឹងថា ថ្ងៃនេះលោកម៉ែន វិបុល និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការកែលម្អសោភណភាពស្រះវង់ក្នុងក្រុងស្វាយរៀងដែលកំពុងរៀបជាការ៉ូឡា សួនច្បារ ដាំដើមលមុើលម្អមានចំនួន៨ដើមនៅជុំវិញស្រះទឹកនេះ ក្នុងនោះនិឹងធ្វើពិធីលែងត្រីចម្រុះពណ៌នៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០២១ខាងមុខនេះ ផងដែរ។
បន្ទាប់មកលោកម៉ែន វិបុល ក៏បានអញ្ចើញចុះពិនិត្យមើលទីតាំងសួនច្បាររូបរមាសស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីរៀបចំធ្វើផ្លូវមួយខ្សែទៀតនៅខាងក្រោយសួនច្បារដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមានភាពងាយស្រួល និងកាត់បន្ថយការគ្រោះថ្នាក់តាមផ្លូវជាតិលេខ១ផងដែរ។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកម៉ែន វិបុល នាប៉ុន្មានឆ្នាំនេះបានធ្វើឱ្យឱ្យក្រុងស្រុកទាំង៨ក្នុងខេត្តស្វាយរៀងមានការប្រែមុខមាត់និងសោភណភាពស្រស់បំព្រង រីកចម្រើនគួរឱ្យកត់សម្គាល់ខណៈប្រជាពលរដ្ឋមានការសប្បាយចិត្តនិងអបអសាទរគ្រប់ៗគ្នា៕ យឹម សុថាន