ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ ! សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ គាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុប ដោយមិនបាច់ប្រឡង

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនគាំទ្រការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុប ដោយមិនបាច់ប្រឡង។

សូមបញ្ជាក់ថា ក្រោយពីបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតនូវសេចក្តីថ្លែងសារពិសេសរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ ស្តីពីបញ្ហាជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងកូវីដ-១៩ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ជុំវិញស្ថានភាពនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១១ មករា ២០២១ ដែលមិន អាចធ្វើទៅបាន ព្រោះព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មិនអាចប្រកាសបញ្ចប់មុនថ្ងៃប្រឡងបានឡើយ។ ក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ បានផ្តល់ការអនុគ្រោះដ៏វិសេសវិសាលបំផុត ចំពោះការប្រឡងសញ្ញា បត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់ជាស្ថាពរ និងបានផ្តល់ អនុសាសន៍ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យលទ្ធភាព ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិក ១១៤គ្រឹះស្ថានសិក្សា សូមប្រកាសគាំទ្រ ទាំងស្រុង និងសូមអនុវត្តឱ្យមានប្រសិទ្ធភាពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូន ដំណឹងលេខ៨៣ អយក.សជណ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ដែលកំណត់ឱ្យ ជាប់ជាស្ថាពរ ចំពោះ បេក្ខជនទាំងអស់ដែលបានចុះឈ្មោះប្រឡង ដោយ គ្មានការកំណត់និទ្ទេស ដើម្បីផ្តល់ឱកាសឱ្យក្មួយៗថ្នាក់ទី៩ បានបន្តការសិក្សានៅវិទ្យាល័យ និងក្មួយៗ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិក្សានៅថ្នាក់ឧត្តមសិក្សា ឬថ្នាក់វិជ្ជាជីវៈផ្សេងៗ។ តាមជំនាញដែលខ្លួនពេញចិត្តសម្រាប់បន្តការសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅក្រៃលែងឥតឧបមា ចំពោះដំណោះស្រាយជាតិប្រកបដោយបញ្ញាញាណ គំនិតឆ្នៃប្រឌិត និងនវានុវត្តន៍ប្រកបដោយការទទួលខុសត្រូវ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អរគុណសន្តិភាព មាន សម្តេចតេជោ កម្ពុជាមាន អ្វីៗទាំងអស់ មាន សម្តេចតេជោ មានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សិលា


ចែករំលែក៖