អន្តរជាតិ៖ ដើម្បីប្រែក្លាយទីក្រុងហូជីមិញ ទៅជាមជ្ឈមណ្ឌលសុខាភិបាលនិងវេជ្ជសាស្ត្រមួយប្រចាំតំបន់អាស៊ីអាគ្នេយ៍ រដ្ឋាភិបាលវៀតណាម បានដាក់ផែនការក្នុងការពង្រឹងសមត្ថភាពវិស័យសុខាភិបាលនៅក្នុងទីក្រុងនេះឲ្យកាន់តែល្អប្រសើរ សំបូរបែប និងទំនើប។សម្រាប់វៀតណាម នេះគឺជាគោលដៅមួយថ្មីបន្ថែមទៀត ក្នុងការប្រែក្លាយបណ្តាទីក្រុងដែលមានសក្តានុពលរបស់ប្រទេសទៅជាមជ្ឈមណ្ឌលរួមសម្រាប់តំបន់។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃទី១៦ ខែធ្នូកន្លងទៅ បានបញ្ជាក់ថា រដ្ឋបាលក្រុងហូជីមិញនាពេលថ្មីៗនេះ បានអះអាងថា រដ្ឋបាលរបស់ខ្លួនមានគោលដៅប្រែក្លាយទីក្រុងហូជីមិញឲ្យទៅជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។
តាមប្រភពព័ត៌មាន Vietnam News បានបញ្ជាក់បន្ថែមថា លោកNguyễn Thành Phong មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងហូជីមិញ បានថ្លែងក្នុងជំនួបជាមួយនឹងក្រសួងសុខាភិបាលខ្លួន ថា លោក មានជំនឿមុតមាំថា គោលដៅនេះ ពិតជាអាចទៅរួច បន្ទាប់ពីក្រុមគ្រូពេទ្យក្នុងទីក្រុងដ៏មានសក្តានុពលរបស់វៀតណាមមួយនេះ បានប្រតិបត្តិការងារលើករណីពិសេសៗដោយជោគជ័យ រាប់បញ្ចូលទាំងលទ្ធភាពក្នុងការផលិតវ៉ាក់សាំង Covid-19 នៅក្នុងស្រុកផងដែរ។
ជាមួយគ្នានោះ ចំពោះការដាក់គោលដៅនេះ រដ្ឋបាលក្រុងហូជីមិញ នឹងផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស អភិវឌ្ឍន៍សេវាសុខាភិបាលសាធារណៈ និងសុខាភិបាលឆ្លាតវៃ ក៏ដូចជាតំបន់ឧស្សាហកម្មឱសថ។ ការពង្រឹងវិជ្ជាជីវៈ និងគុណភាព និងការអភិវឌ្ឍបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ឲ្យមានស្តង់ដារអន្តរជាតិ ក៏ស្ថិតនៅក្នុងផែនការនេះដែរ។
សូមជម្រាបថា ការអភិវឌ្ឍរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានលក្ខណៈហក់លោត និងលេចធ្លោជាងគេមួយនៅក្នុងតំបន់។ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងតែទាក់ទាញក្រុមហ៊ុនវិនយោគធំរបស់ពិភពលោកជាបន្តបន្ទាប់។
គួរបញ្ជាក់ថា សម្រាប់សក្តានុពលនេះដែរ ធ្វើឲ្យវៀតណាម មិនស្ទាក់ស្ទើរក្នុងការប្រកាសជំហរដោយចំហប្រែក្លាយប្រទេសរបស់ខ្លួនជាចំណុចកណ្តាលមួយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងតំបន់។ ព្រោះកន្លងមករដ្ឋាភិបាលវៀតណាម ថែមទាំងហ៊ានប្រកាសប្រែក្លាយទីក្រុងហាណូយ ដែលជាទីក្រុងសក្តានុពលមួយរបស់ប្រទេស ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ មួយប្រចាំអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ានាពេលខាងមុខដ៏ខ្លីទៀតផង៕ដោយ៖ស តារា
លោក Nguyễn Thành Phong មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលក្រុងហូជីមិញ