ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញារង ផាត់ សុគន្ធា សម្រេចដោះលែងស្ត្រីអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់នៅស្រុកល្វាឯមឱ្យត្រឡប់ទៅផ្ទះវិញ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់ដែលកត់ឆ្នោតវៀតណាមខុសច្បាប់ហើយត្រូវបាននគរបាលស្រុកល្វាឯមធ្វើការឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តកណ្តាលនោះ នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ព្រះរាជអាជ្ញារងផាត់ សុគន្ធាបានសម្រេចដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ។
បើតាមលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានឱ្យដឹងថា សំណុំរឿងនេះនៅលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ដែលពេលនេះគាត់បានសម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ ដោយមូលហេតុ៖

ទី១-លោកស្រីព្រះរាជអាជ្ញារងអាណិត

ទី២-កូនៗនៅតូចអាយុក្រោម៥ឆ្នាំ

ទី៣-ការលេងល្បែងមិនមែនទ្រង់ទ្រាយធំ លុយត្រឹម៣០ម៉ឺនរៀលប៉ុណ្ណោះ ។

ដោយឡែកលោកវរសេនីយ៍ ហេង សុផល អធិការនគរបាលស្រុកល្វាឯមបានប្រាប់ឱ្យដឹងដែរថា ស្ត្រីម្នាក់ដែលកម្លាំងរបស់លោកដឹកនាំដោយអធិការរងទទួលផែនចុះបង្ក្រាបនោះ គឺជាអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ ទើបកម្លាំងលោកចុះបង្ក្រាប ។
ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីនៅចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។
នគរបាលស្រុកល្វាឯមបានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតហើយបានឃើញឈ្មោះសែ សុខលីស កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ៣៨០ ក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ទើបកម្លាំងជំនាញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនហើយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកល្វាឯមបន្តចាត់ការតាមនីតិវិធី ៕ដោយ៖ ឆ ដា


ចែករំលែក៖