ព័ត៌មានទាន់ហេតុការណ៍៖

ព្រះជិនរង្សីរាជនិករោត្តម ជាព្រះដ៏មានពន្លឺរស្មីឈ្នះអស់ពន្លឺទាំងពួង ក្នុងរាជ្យព្រះបាទនរោត្តម

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមពីប្រភពបូរាណាចារ្យបានបញ្ជាក់អោយដឹងថា: ព្រះជិនរង្សីរាជនិករោត្តម ប្រែថា ព្រះដ៏មានពន្លឺរស្មីឈ្នះអស់ពន្លឺទាំងពួង ក្នុងរាជ្យព្រះបាទនរោត្តម។ នៅឆ្នាំ១៩០៨ ត្រូវនឹងពុទ្ធសករាជ ២៤៥០ ព្រះបាទស៊ីសុវត្ថិ ចមចក្រពង្ស ទ្រង់បានសម្រេចតាមព្រះរាជបណ្ដាំ នៃព្រះបាទនរោត្តម ព្រះសុវណ្ណកោដ្ឋ ជាព្រះជេដ្ឋាធិរាជ ដោយត្រាស់បង្គាប់អោយរំលាយព្រះសុវណ្ណកោដ្ឋ(គ្រឿងមាសលំអរព្រះកោដ្ឋក្រៅ និងតួព្រះកោដ្ឋក្នុង) គ្រឿងមាសព្រះមហាបញ្ចាដែលតំកល់ព្រះបរមសព ព្រមទាំងគ្រឿងមាសតែងព្រះបរមសព នៃព្រះករុណាព្រះសុវណ្ណកោដ្ឋ អោយសាងទៅជាព្រះពុទ្ធបដិមាមាសសុទ្ធ ទ្រង់គ្រឿងក្សត្រ។ ព្រះពុទ្ធរូបនេះមានកម្ពស់បល្ល័ង្ក៤៩ សង់ទីម៉ែត្រ កម្ពស់បដិមា ១៦០ សង់ទីម៉ែត្រ កម្ពស់ព្រះមហាម្កុដ ៤៨ សង់ទីម៉ែត្រ ទំហំអង្គព្រះបដិមា ៧៩ សង់ទីម៉ែត្រ កំពស់ស្វេតច្ឆ័ត្រ ៤៥១ សង់ទីម៉ែត្រ សាងពីមាសសុទ្ធសរុបទម្ងន់ ២៤០០ តម្លឹង ។ ព្រះពុទ្ធរូបនេះត្រូវបានរចនាអោយមានទំហំនិងកំពស់ ដូចនឹងអង្គព្រះករុណាព្រះសុវណ្ណកោដ្ឋ ដោយមានលំអរដោយត្បូងពេជ្រ ត្បូងទទឹម និង ត្បូងមរកត ជាច្រើនអនេក។ រួមតម្លៃទាំងមាស និង ត្បូង ចំណាយថវិការអស់ ២៥៩៥៥៥រៀលនិង៦០សេន (តម្លៃប្រាក់ជំនាន់នោះ)។ លុះដល់ថ្ងៃពុធ ទី១០ ខែមិនា ឆ្នាំ១៩០៨ ទើបប្រារព្ធព្រះរាជពិធីដង្ហែ និងអភិសេកព្រះពុទ្ធរូប មកដម្កល់ក្នុងព្រះឧបោសថរតនារាម ព្រះកែវមរកតជាទីសក្ការៈបូជា រហូតមកដល់សព្វថ្ងៃនេះ៕

ដោយ៖សិលា


ចែករំលែក៖