ព័ត៌មានទាន់ហេតុការណ៍៖

ដេកផ្ទះមិនចង់ទេ ! ចង់តែទៅដេកក្នុងពន្ធនាគារ , នេះហើយជើងខ្លាំងបង្កើត facebook ក្លែងក្លាយ បំពុលសង្គម ចុងក្រោយអស់អនាគត ជាប់ចោទ ៥បទល្មើស

ចែករំលែក៖

ខេត្តកំពត៖ ទីបំផុត ! តុលាការបានឃុំខ្លួនបុរសម្នាក់ដែលបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ   អភិបាលខេត្ត ស្នងការខេត្តនានា ត្រូវបានលោក សេង ម៉ាឡាប ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពតចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពាក់ព័ន្ធការបង្កើតហ្វេសប៊ុកក្លែងក្លាយ ប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំ ប្រមាថអភិបាលខេត្ត និងស្នងការខេត្តនានា ។ 

បើយោងតាមដីកាឃុំខ្លួន គឺតុលាការបានសម្រេចចោទប្រកាន់បុរសរូបនេះ ចំនួន៥បទល្មើស មានដូចជា បរិហារកេរ្តិ៍ជាសាធារណៈ , ជេរប្រមាថជាសាធារណៈ , ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ , ប្រមាថចំពោះអង្គព្រះមហាក្សត្រ , រូបភាព និង សម្ភារអាសអាភាស ។

បុរសរូបនេះ មានឈ្មោះ ងិន ស៊ុយទ្រី អាយុ៣៥ឆ្នាំ បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹងនារីឈ្មោះ ទ្រី ស៊ាងម៉ី តាំងពីដើមឆ្នាំ២០១៦ ។ ក្រោយមកនាងបានផ្លាស់ប្ដូរទៅធ្វើការនៅរាជធានីភ្នំពេញ។ តាំងពីពេលនោះមកទំនាក់ទំនងរបស់ពួកគេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនារី ទ្រី ស៊ាងម៉ី មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឱ្យគេកើតចិត្តប្រចណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នារី ទ្រី ស៊ាងម៉ី ឪពុក និងជាមិត្តភក្តិរបស់នាងជាច្រើនទៀត ដើម្បីធ្វើការវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ក្នុងចេតនាដើម្បីទម្លាក់កំហុសឱ្យនាង ទ្រី ស៊ាងម៉ី ព្រមទាំងមិត្តភក្កិ និងដៃគូស្នេហា ក៏ដូចជាគ្រួសាររបស់នាងផងដែរ។

ជាលទ្ធផលនៃអំពើល្មើសច្បាប់ ជនត្រូវចោទ ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ទាំងបាត់បង់កិត្តិយស ខូចអនាគត ដោយសារតែមានគំនិតចេតនាទុច្ចរិត មិនមានការពិចារណាពីបុណ្យបាប ខុសនិងត្រូវ ។ យកអំពើទោស: មោហ: ដាក់ក្នុងខ្លួន បែរជាការចេះដឹងទាំងប៉ុន្មាន បានក្លាយទៅជាទំពាំងស្អុយទៅវិញ៕

ដោយ៖ សិលា


ចែករំលែក៖