ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមលោក ហ៊ុន ម៉ានី , លោក សុខ សប្បាយណា សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក. បាននាំយកម៉ាស់ និងជែលលាងដៃ ដែលជាអំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ប្រគល់ជូន លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារស្រាវជ្រាវ និងចងក្រងរបាំក្បាច់បុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ អញ្ជេីញចូលរួមក្នុងឱកាសនោះដែរមានវត្តមាន លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ លោកគ្រូ អ្នកគ្រូ ជាតំណាងក្រុមឯកទេស តួនាង តួនាយរោង តួយក្ស តួស្វា តំណាងក្រុមចម្រៀង និងតន្ត្រី ព្រមទាំងតំណាងក្រុមបច្ចេកទេសថត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក សុខ សប្បាយណា បានថ្លែងនូវការផ្ដាំផ្ញេីសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់របស់ឯកឧត្ដមប្រធាន ស.ស.យ.ក. ក្នុងគ្រាលំបាកនេះ ជូនចំពោះលោកគ្រូអ្នកគ្រូដែលកំពុងបំពេញការងារដ៏មានសារសំខាន់បន្សល់ទុកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយរបស់យើង។
ជាការឆ្លេីយតប លោកគ្រូ អ្នកគ្រូដែលមានវត្តមានចូលរួម បានថ្លែងអំណរគុណ ស.ស.យ.ក. និងលោកប្រធាន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ទាំងស្មារតី និងសម្ភារជាបន្តបន្ទាប់ចំពោះលោកគ្រូ អ្នកគ្រូ និងជាពិសេសចំពោះវិស័យវប្បធម៌ជាតិ៕
ដោយ៖សិលា