ព័ត៌មានទាន់ហេតុការណ៍៖

ទំនាស់ព្រំដីបង្កជាហិង្សាធ្វើឲ្យតាអាយុ៨៦ឆ្នាំម្នាក់កាប់ទៅលើប្តីប្រពន្ធ២នាក់រងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយសារទំនាស់បន្តិចបន្តួចពីរឿងព្រំដី បានបង្កជាគំនុំគំកួនគ្នាឈានដល់ធ្វើឲ្យលោកតាអាយុ៨៦ឆ្នាំម្នាក់យកកាំបិតផ្គាក់ស្ទាក់កាប់ប្តីប្រពន្ធ២នាក់ដែលជាម្ចាស់ដីជាប់គ្នា បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ករណីនេះ​ បានកើតឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីស្ថិតក្នុងភូមិ​ស្ទឹង​​ ឃុំ​រលាំង​កែន​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ​ សាន់ សុខា ភេទប្រុស អាយុ៥៥ឆ្នាំ​​​ មុខរបរ​លក់ដូរ និងទី២-ឈ្មោះ​ ស្រ៊ុន លាវ ភេទស្រី អាយុ៤៩ឆ្នាំ​។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅ​ភូមិ​រុន​ ឃុំ​រកា ស្រុកកណ្តាល​ស្ទឹង​​ ខេត្ត​កណ្ដាល។ ចំណែកជនសង្ស័យ​ឈ្មោះ​ សុឹង បុឹង ភេទប្រុស អាយុ៨៦​ឆ្នាំ​ មានទីលំនៅភូមិ​រុន​ ឃុំ​រកា ស្រុកកណ្តាល​ស្ទឹង​​​ ខេត្ត​កណ្ដាល​​ ។ ដោយឡែកវត្ថុតាងចាប់យកមានកង់មួយគ្រឿងនិងកំបិតផ្គាក់ផ្លែដែក​ ដង​ឫស្សី​ប្រវែង​៩០​សង់ទីម៉ែត្រ​ចំនួន១។
ប្រភពដដែលបន្តថា កន្លងមក​ជនសង្ស័យ​ និង​ជនរងគ្រោះ​ធ្លាប់​មានជម្លោះទាស់ពាក្យសម្តីគ្នារឿងព្រំដី​ រហូត​ដល់​ថ្ងៃ​ទី១៥​ ខែធ្នូ​ ឆ្នាំ​២០២០​ ជនសង្ស័យ​បានយក​កំបិតផ្គាក់​កាប់មែកឈេីរបស់ជនរងគ្រោះដែលទោរចូលទៅក្នុងដីរបស់ខ្លួន​ ហើយក៏មានការជេរដៀមដាមដាក់គ្នា​។ លុះមកដល់ថ្ងៃទី​១៧​ខែ​ឆ្នូ​ ឆ្នាំ​២០២០ ជនសង្ស័យ​បានជិះ​កង់ដាក់កាំបិតផ្គាក់ចងពីក្រោយទៅចាំស្ទាក់ផ្លូវជនរងគ្រោះមុន​ រហូតដល់​ម៉ោងប្រមាណ៣រសៀល ជនសង្ស័យបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា ក៏ស្ទុះមកកាប់ជនរងគ្រោះទាំង២នាក់បណ្ដាលឲ្យរបួសយ៉ាងដំណំ។ ចំណែក​ឯ​ជន​សង្ស័យ​បន្ទាប់ពីកាប់េជនរងគ្រោះរួច ក៏បានជិះកង់របស់ខ្លួនត្រឡប់មកផ្ទះវិញ។
ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើភ្លាមកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​រលាំង​កែន​​​បានទៅឃាត់​ខ្លួន​ជនសង្ស័យ​បាន រួច​បញ្ជូន​​មក​កាន់​អធិ​ការ​ដ្ឋាន​ដេីម្បី​បន្តនីតិវិធី៕

ដោយ៖ស្អាង ជ័យ


ចែករំលែក៖