ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាកមែរសឺដេសមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងអស់មួយដើម ចំណែករថយន្តកល់ទ្រូងផ្លូវជាប់ទៅមុខលែងរួច។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និងង៣០នាទីយប់ ថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមែរសឺដេសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U- 5038 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះរេចង្កូតទៅឆ្វេងដៃបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់បង្គោលភ្លើងមួយដើមរាបដល់ដី ហើយរថយន្តកល់ជាប់ទ្រូងទៅមុខលែងរួច។ ចំណែកឯម្ចាស់រថយន្តបង្កបានគេចចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕
ដោយ៖ និនសុភ័ស្ត