ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០កាលកន្លងទៅ លោលោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើងបានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។ រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។លោកស្រីឯកអគ្គរាជទូត បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។
លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៌ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕
ដោយ៖ សិលា