ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

​​ភ្នំពេញ ៖ លោក ប្រាក់​ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែល​នឹង​ប្រព្រឹត្ត​​ទៅនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។

​​កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ កាលពីឆ្នាំ២០១៩​ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ។

​​អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩នេះ ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមដើម្បីថែរក្សាមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេស​ទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ 

សូមជម្រាបជូនផងដែរថា, កិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ  តាមប្រព័ន្ធវីដេអូ គឺយោងតាមសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងការបរទេស សហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០៕

ដោយ៖សិលា


ចែករំលែក៖