ភ្នំពេញ៖ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃពុធទី១៦ ខែធ្នូឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគយដែលបានកំណត់ដើម្បីភ្ជាប់ជាមួយការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុបនៅដំណាច់ឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៍មាន AKP នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០។
ជាក់ស្តែងបើយោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររដ្ឋាភិបាលចក្រភពអង់គ្លេស បានបញ្ជាក់ថា កិច្ចព្រមព្រៀងជំនួយគយទ្វេភាគីនេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុ រតនាគារ លោក Jesse Norman និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Robert Wood Johnson នៅឯពិធីចុះហត្ថលេខានៅឯស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងឡុងដ៏។
សូមជម្រាបថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរយ៉ាងរលូននូវទំនាក់ទំនងពាណិជ្ជកម្មគយ ដែលមានស្រាប់ រួមទាំងការចែករំលែកទិន្នន័យ ដើម្បីដោះស្រាយការក្លែងបន្លំពន្ធគយដែលភាគីទាំងពីរបានរក្សាក្នុងក្របខ័ណ្ឌសហភាពអ៊ឺរ៉ុបពីមុន។
ដោយឡែកជុំវិញករណីនេះដែរ លោក Jesse Norman ត្រូវបានដកស្រង់សម្តីនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «នេះ គឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយដែលធានានូវការបន្តចាកចេញពីសហភាពអឺរ៉ុប និងបង្ហាញអំពីភាពខ្លាំងនៃទំនាក់ទំនងគយរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដាច់ដោយឡែកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្ពស់ក្រោមកិច្ចចរចារវាងភាគីទាំងពីរដែលត្រូវបានគេរំពឹងថាជាចំណុចកណ្តាលនៃបរិយាកាសសេដ្ឋកិច្ចក្រោយ Brexit របស់ចក្រភពអង់គ្លេស៕ដោយ៖ស តារា