ភ្នំពេញ៖ បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី “ការយល់ព្រមដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឲ្យបង្កើតសភាកសិឧស្សាហកម្មនៃព្រះរាជាណាចក្រកម្ពុជា”។ ទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់នេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី “សភាកសិឧស្សាហកម្មកម្ពុជា” ធ្វើយ៉ាងណាឲ្យ សេចក្តីព្រាងច្បាប់នេះមានលក្ខណសុគតភាព ពេញលេញ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ សំដៅបម្រើផលប្រយោជន៍ដ៏ជាក់លាក់ដល់ក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធសហភាព សហគមន៍កសិកម្ម។ល។ ជាងនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ អាចចាត់ទុកបានថាជាវិធានការគន្លឹះ និងចាំបាច់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈមឲ្យ បានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅដើម្បីជម្រុញកំណើនសេដ្ឋកិច្ច ដែលបានដាក់ចេញកន្លងមក ហើយពិតណាស់យន្តការដោះស្រាយបញ្ហានេះ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលសមាជិកសភាកសិឧស្សាហកម្មត្រូវច្បាមយកកាលានុវត្តភាពនេះ ធ្វើជាឱកាសមាសសម្រាប់ធ្វើការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម ការធ្វើអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើន បង្កើតការងារ បង្កើនប្រាក់ចំណូលក្នុងគ្រួសារកសិករ និងទ្រទ្រង់ខឿងសេដ្ឋកិច្ចជាតិ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានវត្តមានលោកតំណាងឲ្យក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម លោកថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឧកញ៉ា អ្នកឧកញ៉ា ដែលជានាយកក្រុមហ៊ុន សមាគម សហគ្រិន សហព័ន្ធ សហភាពសហគមន៍ដែលប្រតិបត្តិការលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត៕
ដោយ៖សិលា