ខេត្តស្វាយរៀង៖ លោកលី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោកសំ នីតូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នៅសាលាឃុំស្វាយចេក។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកសុខា រ៉ាមអភិបាលស្រុក លោកសំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកមេឃុំលោកលោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងប្រជាពលរដ្ឋដែលពាក់ពន្ធ័ជាច្រើនរូបផងដែរ។
លោក លី ធុជ បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់ ក្នុងឃុំស្វាយចេក ស្រុករំដួល
ខណៈដែលសម្តេចតេជោបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន ដេីម្បីរក្សាសន្តិភាព សុខភាព និងសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងនាមតំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកលី ធុជបានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយចេក ត្រូវបន្តផ្សព្វផ្សាយនូវគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន ព្រមទាំងបន្តលើកកម្ពស់ការជឿទុកចិត្ត និងសេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ លោកក៏បានលើកឡើងអំពីវីរភាពអង់អាចក្លាហាន របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការប្រឡូកចូលសមរភូមិសង្គ្រាមចាប់តាំងពីមានកងទ័ពតិចតួច រហូតគ្រប់គ្រងប្រទេសទាំងមូល ការស្វែងរកសន្តិភាព និងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩ផងដែរ។
ជាមួយគ្នានោះលោកលី ធុជក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចាត់វិធានការយ៉ាងមានប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លង កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដើម្បីរក្សាសុខភាព និងសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖យឹម សុថាន