ភ្នំពេញ៖ កម្លាំងចម្រុះមានកម្លាំងកងរាជអាវុធហត្ថនិងកម្លាំងនគរបាលខណ្ឌក្រោមការដឹកនាំរបស់លោក កែវ សំណាង អភិបាលរងខណ្ឌរួមជាមួយកម្លាំងជំនាញនិងមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល ខណ្ឌចំការមនបានប្រើធម៌ក្ដៅចុះបិទហាងប៊ុន សេង ស្ទីមម៉ាស្សា សូណាដែលមិនចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលហេតុការណ៍នេះអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចផ្លូវលេខ៩៧កែងផ្លូវលេខ៤៨៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានប្រាប់ថា ក្រុមការងារបានត្រួតពិនិត្យឃើញថាហាង ប៊ុន សេង បើកអាជីវកម្មមិនព្រមឈប់សោះ ទោះបីអាជ្ញាធរធ្វើការណែនាំពីរលើករួចមកហើយក្តីក៏ម្ចាស់ហាងមួយនេះមិនបានចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នោះទេ ហើយនៅរសៀលនេះយើងបានចុះត្រួតពិនិត្យជាក់ស្ដែងឃើញថាទីតាំងនេះពិតជាបើកដំណើរការមែន ហើយអាជ្ញាធរបានប្រាប់ឱ្យបិទទ្វារជាបណ្ដោះអាសន្ន ប្រសិនបើមានលើកទី៤អាជ្ញាធរនឹងស្នើសុំឱ្យអំណាចតុលាការចុះបិទអាជីវកម្មតែម្ដង ។
លោក កែវ សំណាងបន្តថា ការអនុវត្តតាមបទបញ្ជារបស់លោកអភិបាលខណ្ឌដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះបើម្ចាស់ទីតាំងប៊ុន សេងបើកហាងម៉ាស្សា ស្ទីម សូណានៅតែបន្តការបើកមិនខ្លាចឆ្លងជំងឺកូវីដ-១៩និងមិនស្ដាប់អាជ្ញាធរចុះធ្វើការណែនាំដែលសរុបមាន៣លើកហើយនោះ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ដែលលោក ហ៊ុយ ប៊ុនសេង ម្ចាស់ទីតាំងចូលរួមផ្ដិតមេដៃធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរ ប្រសិនជានៅតែបន្តការបើកលួចលាក់ទៀតនឹងស្នើសុំព្រះរាជអាជ្ញាសាលាដំបូងចុះមកបិទតែម្តង៕ ដោយ៖ ជីណា