ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) ឃាត់ខ្លួនមនុស្សស្រី៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលក់កាហ្វេតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងមានការចូលរួមពីលោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកឃឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម លោកនាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមនិងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងសុីសងតាមអនឡាញkenoរួមទាំងល្បែងសុីសងដទៃៗទៀតដែរ។
លោកឧត្ដមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា លោកបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ រួចហើយកម្លាំងជំនាញចុះស្រាវជ្រាវករណីនេះ ដោយមានការសហការពីប្រជាពលរដ្ឋរាយការណ៍ថា បាននិងកំពុងបើកល្បែងស៊ីសងតាមអនឡាញ Keno Online ជ្រកក្រោមស្លាកឆ្នោតឡូតូ ។
លោកឧត្ដមសេនីយ៍ឯក សៀង សេន បន្តថា ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញការពិតដូចប្រជាពលរដ្ឋរាយការណ៍មែននោះ គឺសមត្ថកិច្ចនឹងចាត់ការតាមច្បាប់តែម្ដង ។
មជ្ឈដ្ឋានជាច្រើនមើលឃើញថា ក្រុមហ៊ុន ឆ្នោតឡូតូ៦លេខនេះ ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូ បាននិងកំពុងបំប្លែងឆ្នោតឡូតូ មួយនេះទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុន បានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ ថែមទៀតផង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី៕
ដោយ៖ ចន្ទ លីហ្សា