ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការសឹករងស្ទឹងត្រែង បន្តនាំយកអំណោយរបស់ មេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់អតីតយុទ្ធជនដែលជួបការលំបាកខ្វះខាតក្នុងដំណាក់កាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ រួមនិងអាជ្ញាធរដែនដី នាំយកអំណោយចែកជូនបងប្អូនអតីតយុទ្ធជនចំនួន១៣គ្រួសារ ដែលជួបការលំបាកខ្វះខាត និងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារការឆ្លងជំងឺកូវីដ-១៩ ដែលរស់នៅ ក្រុងស្ទឹងត្រែង និងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង។ 

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវីរបុរសរបស់កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដែលកំសត់មកជាប្រទេសដែលកំពុងអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យ និងនៅលើឆាកអន្តរជាតិ ដែលគេទទួលស្គាល់ថាកម្ពុជាតូចតែកម្ពុជាខ្លាំង។

លោកមេបញ្ជាការ បន្តទៀតថា អំណោយដែលនាំយកមកចែកជូននៅពេលនេះជាអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្ដល់មកតាមរយៈតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដើម្បីចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ទីទ័លលំបាក ចំនួន ១៣គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងបានដោះស្រាយការលំបាក ដល់អតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ បានរំលឹកបន្ថែមដល់ ប្រជាជនដែលបានចូលរួមទាំងអស់ត្រូវការពារជំងឺកូវីដ-១៩ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល៕

ដោយ៖ សិលា


ចែករំលែក៖