ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោក ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ អមដំណើរដោយ លោក មាស សាវឿន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ព្រមទាំងសហការីបានចុះបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនិង ចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា លោក លោកស្រី ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន អនុប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋានទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
លោករដ្ឋលេខាធិការបានកោតសរសើរពីលទ្ធផលការងារដែលចៅក្រម និងព្រះរាជអាជ្ញា ខិតខំ សម្រេចបាននាពេលកន្លងមក ហើយលោករដ្ឋលេខាធិការបានជម្រុញ និងលើកទឹកចិត្ត ចៅក្រម និងព្រះរាជអាជ្ញាគួរគប្បីខិតខំបន្តទៀតក្នុងការដោះស្រាយសំណុំរឿងកកស្ទះដើម្បីលើកស្ទួយកិត្តិយសវិស័យយុត្តិធម៌ទាំងមូលដោយប្រកាន់ភ្ជាប់នូវអភិក្រម លឿន យុត្តិធម៌ ត្រឹមត្រូវ និងមិនពុករលួយដែលជាគោលការណ៍គ្រឹះនៃយុទ្ធនាការ៕
ដោយ៖សិលា