ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិក​ទ្រហោយំនៅពេលដែលទទួលបានវ៉ាក់សាំងកូវីដ​-១៩

ចែករំលែក៖

រយៈពេលកន្លងមក ពលរដ្ឋអាមេរិកមួយចំនួនធំ​រស់នៅក្នុងក្តីអស់សង្ឃឹម ពិសេសគឺក្រុមគ្រូពេទ្យជួរមុខ ដែលប្រឈមហានិភ័យខ្ពស់ ។ កន្លងមកមានគ្រូពេទ្យជាច្រើន នៅអាមេរិក បានសរសេរបណ្តាំមរតកទុកឲ្យកូន ដោយមិនដឹងថាខ្លួននឹងត្រូវឆ្លងកូវីដ​-១៩នៅពេលណា។ ចំណែកអ្នកស្លាប់នៅនឹងមុខ រាប់ពាន់នាក់ក្នុងមួយថ្ងៃ។
ការរស់នៅនិងធ្វើការដូចជាការអស់សង្ឃឹម ​ប៉ុន្តែក្រោយពេល ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូង ក្រុមគ្រូពេទ្យអាមេរិក មិនអាចទប់ទឹកភ្នែករបស់ខ្លួនមិនឲ្យហូរចេញបានឡើយ។​
លោកស្រីAlex Leyton អាយុ​៥០ឆ្នាំ ផ្ទះនៅ San Francisco បានរៀបរាប់ឲ្យដឹងថា គ្រាន់តែឃើញរថយន្តដឹកវ៉ាក់សាំងមកដល់ ទឹកភ្នែករបស់លោកស្រីមិនដឹងជាស្រក់ចុះនៅពេលណាឡើយ ក្តីសង្ឃឹមក៏បានកើតមានជាថ្មី។ ការធ្វើសង្គ្រាមប្រដាប់អាវុធក៏នៅមាន​ ថ្ងៃឈប់បាញ់​ ប៉ុន្តែកូវីដ​-១៩បានគ្របដណ្តប់​ជិត​១ឆ្នាំកន្លងមក ធ្វើឲ្យយើងស្ទើរតែដកដង្ហើមមិនរួច។
បច្ចុប្បន្នប្រទេសដែលមានចំនួនអ្នកឆ្លងច្រើននៅលើពិភពលោកបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ជូនដល់ពលរដ្ឋ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលប្រកបដោយប្រសិទ្ធភាពបំផុត ។ មានតែការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ​-១៩ទេ ទើបជីវភាពរបស់ពលរដ្ឋល្អប្រសើរឡើងវិញ។
អាមេរិក ជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបង្អស់លើពិភពលោក ដោយ​មានអ្នកឆ្លងដល់ទៅជាង១៧,៦លាននាក់ និងស្លាប់ដល់ទៅជាង ៣១៧ ពាន់នាក់ ។ រដ្ឋាភិបាលថ្មី​អាមេរិក ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី​២០ខែមករា ឆ្នាំ២០២១ ​សង្ឃឹមថា ក្នុងរយៈពេល​​៣ខែ ស្ថានភាពនៃការឆ្លងកូវីដ​-១៩ នឹងលែងមានទៀតហើយ៕ដោយ៖ធី រីណា

រូបភាព៖ AFP

 


ចែករំលែក៖