ខេត្តបន្ទាយមានជ័យ៖ ដំណាំស្រូវបង្កើនរដូវជាង៨០០០ហិកតា របស់ប្រជាកសិករក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង បានជន់លិច បំផ្លាញកាលពីខែតុលាកន្លងមកនេះកំពុងមានដើមដង លូតលាស់ល្អនៅគ្រប់ទីកន្លែង។
ក្នុងឱកាស ចុះទៅពិនិត្យមើលសកម្មភាពស្តារការដាំដុះដំណាំស្រូវឡើងវិញក្រោយជំនន់ទឹកភ្លៀង កាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ស្រូវដែលកំពុងមានការលូតលាស់ល្អនេះគឺជាពូជស្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ជូនបងប្អូនប្រជាកសិករ ក្នុងស្រុកមង្គលបូរី បាន និងកំពុងដុះចេញពីភក់ និងមានដើមដងលូតលាស់ល្អរាប់ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ឃុំចំណោម ឃុំសឿ និងឃុំរហាត់ទឹក ដែលបានផ្តល់នូវក្តីសង្ឃឹមដល់ប្រជាកសិករ ក្នុងការប្រមូលផលស្រូវនេះនាពេលខាងមុខ។
លោកបានបន្តទៀតថា ថ្ងៃនេះខ្ញុំរួម ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមង្គលបូរី ព្រមទាំងក្រុមការងារឃុំ បានចុះទៅដល់វាលស្រែ និងបានពិនិត្យមើលស្ថានភាពស្រូវ និងស្ថានភាពទឹក ដើម្បីមានវិធានការឆ្លើយតបដោះស្រាយ ក្នុងករណីមានបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រពនាពេលខាងនោះ។
យោងរបាយការណ៍របស់ឃុំបានបង្ហាញឱ្យដឹងថា ក្រោយពីទទួលបានពូជ ស្រូវបងប្អូនប្រជាកសិករចាប់ផ្តើមមមាញឹកធ្វើការបង្កបង្កើនផលដោយគិតមកត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឃុំសឿ អនុវត្តន៍បានជាង៤០០០ហិកតា ឃុំចំណោមបានចំនួន៣៥០០ហិកតា និងឃុំរហាត់ទឹកបានចំនួនជាង៨០០ហិកតា គឺលើសផែនការកំណត់ដែលក្នុងឃុំនីមួយៗឱ្យធ្វើតែចំនួន១៥០០ហិកតាប៉ុណ្ណោះ ចៀសវាងបញ្ហាប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនោះ។
ជាមួយនោះដែរអភិបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរដែនដីរួមនឹងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមទាំងអស់គ្នាឱ្យរក្សាទឹកទុក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីចៀសវាងបញ្ហាប្រឈមការខ្វះខាត ទឹកនៅពេលខាងមុខនោះ៕
ដោយ៖សិលា