ភ្នំពេញ៖ មោទនភាពផងដែរសម្រាប់ប្រទេសកម្ពុជា ក្នុងស្ថានភាពដ៏លំបាកក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពទាន់ពេលវេលា ។ ក្នុងនោះ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីលើវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា, ភាពជោគជ័យទាំងអស់នេះ ដោយសារបងប្អូនប្រជាពលរដ្ឋ បានអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសារព័ត៌មាន បានសរសេរព័ត៌មានពិត ពីវិធានការរបស់រាជរដ្ឋាភិបាល ការណែនាំរបស់ក្រសួងសុខាភិបាល បានដល់ប្រជាពលរដ្ឋដឹងច្បាស់។ ទោះជាមានក្រុមបក្សប្រឆាំង បានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ក៏បងប្អូនប្រជាពលរដ្ឋបានជឿជាក់ ទុកចិត្តលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ពិសេសការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា របស់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈ សរសេរព័ត៌មានពិត ទើបកម្ពុជាមានមោទនភាព ក្នុងរបត់ទប់ស្កាត់កូវីដ-១៩ បាន។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជូនព័ត៌មានថា, ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះឡើយ។ មានតែករណីព្យាបាលជាសះស្បើយចំនួន ៤នាក់ ហើយបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕
ដោយ៖សិលា