ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជាប្រារព្ធវេទិកានិពន្ធនាយកលើកទី១៧ ក្រោមប្រធានបទ សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២០នេះ នៅភោជនីយដ្ឋានមេគង្គវីយូ១ ជ្រោយចង្វា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកានិពន្ធនាយកលើកទី១៧ក្រោមប្រធានបទ សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រដ្ឋលេខាធិការ អនុរដ្ឋ្ឋលេធិការ ថ្នាក់ដឹកនាំក្លិប និងនិពន្ធនាយកកាសែត វិទ្យុ ទូរទស្សន៍ គេហទំព័រមកពីអង្គភាពនានាប្រមាណជាង៥០នាក់។

ក្រោយគោរពទង់ជាតិ និងគោរពវិញ្ញាណក្ខ័ន្ធលោក ប៉ែន សមិទ្ធិស្ថាបនិកក្លិបអ្នកកាសែតកម្ពុជារួចមក លោក គឹម គុណវឌ្ឍ រដ្ឋលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់លោក ខៀវ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឡើងអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកលើកទី១៧ ក្រោមប្រធានបទ សារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ។ ខ្លឹមសារសំខាន់ក្នុងសារលិខិតនោះ សម្តេចតេជោ បានអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ និងបានផ្តាំផ្ញើឲ្យយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា។ទន្ទឹមនេះសូមឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ គោរពច្បាប់ ដោយផ្សព្វផ្សាយតែព័ត៌មានពិតនិងបកស្រាយឲ្យទាន់សភាពការណ៍និងគោរពគោលការណ៍” កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត ។

បន្ទាប់មកវេទិកាទាំងមូលបានពិនិត្យជជែកពិភាក្សាលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៧ដែលមាន១៥ចំណុចសំខាន់ៗ ហើយរហូតដល់ម៉ោង៩និង៣០នាទីព្រឹកការពិភាក្សានេះកំពុងជជែករកគន្លឹះល្អៗយ៉ាងផុលផុស ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖