ព័ត៌មានទាន់ហេតុការណ៍៖

ឌុច សុភា និង សឿ សុធារ៉ា នឹងលេចមុខក្នុងការសម្តែងជាថ្មីក្រោយបាត់មុខជាច្រើនឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ស្ងាត់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាសម្តែង២រូបគឺ អ្នកនាង ឌុច សុភា និងអ្នកនាង សឿ សុធារ៉ា នឹងលេចមុខជាថ្មីក្នុងភាពយន្តភាគដ៏ធំមួយរបស់ផលិតកម្មហង្សមាស។ មានការសាទរ និងទន្ទឹងរងចាំមើលស្នាដៃសម្តែងរបស់ពួកគេបើទោះបីជាពេលនេះពួកគេលែងស្តិតក្នុងតំណែងតួឯកក៏ដោយ។

ភាពយន្តភាគនេះនឹងរៀបរាប់អំពីទិដ្ឋភាពក្នុងសម័យអាណានិគមនិយមបារាំង ដែលគេដឹងថាដឹកនាំសម្តែងដោយផលិតករភាពយន្ត លោក កៅ សីហា គឺរឿង”ឬស្យា”  និងចូលរួមសម្តែងដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនផងដែរ។

តារាសម្តែង សឿ សុធារ៉ា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះថានាងពិតជាសម្រេចចិត្តចូលប្រឡូកក្នុងការងារសិល្បៈជាថ្មីពិតមែន ក្រោយពីកូនស្រីច្បងវ័យ១០ ឆ្នាំ និងកូនប្រុសប្អូនវ័យ៣ឆ្នាំ និងមានបងប្អូនជួយមើលថែពួកគាត់បាន។ នាងថាកន្លងទៅគ្រោងនឹងវិលចូលសិល្បៈចាប់តាំងពីសម្រាលកូនស្រីដំបូងរួចភ្លាមប៉ុន្តែដោយរវល់ និងគាប់ជួនមានកូនប្រុសបន្ទាប់ទើបនឹងសម្រេចចិត្តពន្យាររហូតដល់ពេលនេះ។ នាងបញ្ជាក់ដែរថា ការវិលចូលសិល្បៈនេះនាងទទួលបានការងារសិល្បៈច្រើនទាំងការច្រៀងតាមទូរទស្សន៍ ការសម្តែង ថតសម្អាងការ និងឈុតផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន។នាងស្នើមិនបញ្ជាក់ពីភាពយន្តថ្មីដែលចូលរួមសម្តែង ប៉ុន្តែនាងមិនរើសប្រភេទតួដែលនាងត្រូវសម្តែងឡើយសំខាន់គឺសាច់រឿង សូម្បីតែតួម្តាយក៏នាងអាចសម្តែងបានដែរ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង ឌុច សុភាបាននៅឡើយ ទេ ប៉ុន្តែប្រាកដណាស់តារាសម្តែងទាំង២នឹងសម្តែងក្នុងភាពយន្តខាងលើដែលសម្តែងជាតួអង្គម្តាយ ដែលគេរំពឹងថាការបើកទំព័រវិលរកសិល្បៈរបស់អ្នកទាំង២នឹងទទួលបានការគាំទ្រច្រើនដដែលពីទស្សនិកជនបើទោះបីជាស្ថិតក្នុងតួអង្គបែបណាក៏ដោយ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖