ក្លិបនៅលីគកំពូលអាឡឺម៉ង់ Bundesliga បានប្រកាសថា ក្រុម RB Leipzig បានចុះហត្ថលេខាលើកុងត្រារបស់កីឡាករសញ្ជាតិហុងគ្រី Dominik Szoboszlai ពីក្លិប RB Salzburg ក្នុងកិច្ចសន្យា៤ឆ្នាំកន្លះ។ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយបន្តនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។
ការចុះហត្ថលេខាយកកីឡាករខាងលើនេះមិនបានបញ្ជាក់ថ្លៃផ្ទេរនោះទេប៉ុន្តែសារព័ត៌មាន Sport Bild បានរាយការណ៍ថា Leipzig បានចំណាយប្រហែល២០លានផោន (២៤,៥១ លានដុល្លារអាមេរិក) សម្រាប់ Szoboszlai ។
កីឡាកររូបនេះធ្លាប់ត្រូវបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយក្រុម Arsenal និង Tottenham Hotspur ដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស ប៉ុន្តែរូបគេជ្រើសរើសចូលរួមជាមួយក្រុម Leipzig ហើយនឹងបញ្ចប់ការផ្លាស់ប្តូររបស់គាត់នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅថ្ងៃទី២ ខែមករាខាងមុខ។
កីឡាករ Szoboszlai បាននិយាយអំពីបំណងប្រាថ្នារបស់គាត់ក្នុងការធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Julian Nagelsmann ដោយបានកោតសរសើរ Leipzig ចំពោះការអភិវឌ្ឍកីឡាករវ័យក្មេងជាច្រើន។
កីឡាកររូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា “ជំហាននេះគឺល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍរបស់ខ្ញុំ។ ខ្ញុំមក Leipzig ដើម្បីធ្វើការក្រោមគ្រូបង្វឹកកំពូលម្នាក់ និងក្នុងក្រុមដែលមានមហិច្ឆិតាខ្លាំងដែលនៅក្មេងប៉ុន្តែមានបទពិសោធន៍ច្រើន ហើយអាចអបអរជោគជ័យបាន។ នៅទីនេះខ្ញុំនឹងអាចបន្តការអភិវឌ្ឍខ្លួន ហើយខ្ញុំចង់ជួយក្លិបបន្តភាពជោគជ័យនៅឆ្នាំ២០២១ ។
គ្រូបង្វឹកក្លិប Leipzig ក៏បានអះអាងដែរថា Szoboszlai នឹងមានការបង្ហាញខ្លួនសម្រាប់ការប្រកួតក្នុងផ្ទះជាមួយក្រុម Borussia Dortmund នៅថ្ងៃទី៩ ខែមករាខាងមុខ ។
សូមបញ្ជាក់ថា កីឡាករវ័យ២០ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន១២លើករួចមកហើយសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ និងបានស្ថិតក្នុងទម្រង់លេងយ៉ាងល្អនៅរដូវកាលនេះដោយរកបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១០លើកក្នុង២០ប្រកួតសម្រាប់ក្រុម Salzburg ៕ដោយ៖ភារៈ