អន្តរជាតិ៖ មុនចាប់ផ្ដើមរដូវកាលធ្វើដំណើរអំឡុងបុណ្យចូលឆ្នាំចិន នាដើមឆ្នាំក្រោយនេះ រដ្ឋាភិបាលចិន កំពុងរៀបចំផែនការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ដល់មនុស្ស៥០លាននាក់ក្នុងក្រុមអាទិភាពខ្ពស់ គឺរាប់ចាប់ពីបុគ្គលិកសុខាភិបាល មន្ត្រីប៉ូលីស និងអ្នកធ្វើការផ្នែកដឹកជញ្ជូន។ ជាមួយគ្នានេះ ខេត្តស៊ីឈ័ន ជាខេត្តចិនទីមួយ ដែលរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខ្លួន។
បើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ថា៖ រដ្ឋាភិបាលក្រុងប៉េកាំង ត្រៀមដឹកចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ សរុប១០០លានដូស ដែលផលិតដោយក្រុមហ៊ុនចិនចំនួន ២ រួមមាន៖ Sinopharm និង Sinovac Biotech ។ ចំណែកមន្ត្រីសុខាភិបាលចិន ត្រូវបានដាក់បញ្ជាឲ្យរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៥០លានដូសដំបូង ត្រឹមថ្ងៃទី ១៥ខែមករានិង៥០លានដូសទី២ ត្រឹមថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ២០២១ខាងមុខនេះ។
សម្រាប់ក្រុមអាទិភាពខ្ពស់ រាប់បញ្ចូល បុគ្គលិកសុខាភិបាល មន្ត្រីប៉ូលីសអ្នកពន្លត់អគ្គិភ័យ មន្ត្រីគយ ក៏ដូចជា អ្នកធ្វើការផ្នែកដឹកជញ្ជូនជាដើម។កន្លងទៅ ចិនក៏បានចាក់វ៉ាក់សាំងលើក្រុមមនុស្សអាទិភាពមួយចំនួនហើយដែរ។ ខណៈគោលដៅនៃការចាក់វ៉ាក់សាំងទ្រង់ទ្រាយសម្រាប់ក្រុមមនុស្សអាទិភាពខ្ពស់នេះ គឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ អំឡុងថ្ងៃឈប់សម្រាកដ៏វែងប្រចាំឆ្នាំរបស់ចិន។
ដោយឡែកបើតាមមន្ត្រីសុខាភិបាលខេត្តចិន នៅថ្ងៃទី ១៧ ខែធ្នូ ថ្មីៗនេះបានបញ្ជាក់ថា ខេត្ត Sichuan របស់ចិន អាចចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងមនុស្សដែលមានជំងឺប្រចាំកាយនៅដើមខែក្រោយពោលគឺក្រោយខ្លួនបញ្ចប់ការចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាទិភាពរួច។មន្ត្រីសុខាភិបាលរូបនេះ បានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ចំនួន១១៨ ០០០ដូស បានដឹកមកដល់ខេត្តនេះហើយ។ខណៈខេត្ត Sichuan ជាខេត្តចិនទីមួយដែលរៀបចំផែនការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩សម្រាប់ពលរដ្ឋខ្លួន។
សូមជម្រាបថា ជំងឺកូវីដ-១៩ ដែលបានផ្ទុះរាលដាលឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩ មួយភាគធំត្រូវគ្រប់គ្រងបាន តែក៏មានករណីឆ្លងរប៉េះរប៉ោះផងដែរ។ តួយ៉ាង គឺមានការឆ្លងកូវីដ-១៩ជាចង្កោមតូចមួយក្នុងខេត្ត Sichuan កាលពីថ្មីៗនេះ។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនមានបេក្ខភាពវ៉ាក់សាំងចំនួន៥ ដែលស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍ។ ក្នុងនោះវ៉ាក់សាំង៤ ត្រូវបានអនុម័តឲ្យប្រើ ដោយបេក្ខភាពវ៉ាក់សាំង២មកពីក្រុមហ៊ុនចិន Sinopharm មួយមកពីក្រុមហ៊ុនចិនSinovac Biotech និងចុងក្រោយមកពីក្រុមហ៊ុនចិន CanSino Biologics។
ចំណែកបេក្ខភាពវ៉ាក់សាំងមួយរបស់ក្រុមហ៊ុន Sinopharm លទ្ធផលបឋមក្នុងការពិសោធដំណាក់ទី៣ កាលពីខែកក្កដា បង្ហាញថា មានប្រសិទ្ធភាព៨៦ភាគរយបង្ការកូវីដ-១៩។ ក្នុងសប្ដាហ៍នេះ ប្រទេសអារ៉ាប់២បានអនុម័តប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm រួមមាន៖ បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម។
គួរបញ្ជាក់ថា ចំពោះលទ្ធផលក្នុងដំណាក់កាលទី៣ នៃពិសោធន៍វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ពុំទាន់ចេញផ្សាយឡើយ តែលទ្ធផលក្នុងដំណាក់ទី១និងទី២បង្ហាញថា វាងាយស្រួលក្នុងការដាក់ទុក ដោយទាមទារសីតុណ្ហភាពចន្លោះពី ២– ៨អង្សា។ ដោយឡែក ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះក្នុងដំណាក់ទាំងពីរនេះ បង្ហាញថា ទាបជាង១០ភាគរយ៕ដោយ៖សតារា