ប៉ូលិសឥណ្ឌូនេស៊ីបានរកឃើញហិបដាក់ប្រាក់សម្រាប់ការបរិច្ចាគដល់ទៅ២០.០៦៨ហិប នៅ១២ តំបន់ផ្សេងគ្នាទូទាំងប្រទេស។
ហិបបរិច្ចាគនោះសម្រាប់មូលនិធិជួយដល់សកម្មភាពរបស់ក្រុមភេរវកម្ម Jaamah Islamiyah (JI)។
តាមសារព័ត៌មាន Jakarta Post នៅថ្ងៃទី១៨ខែធ្នូបានដកស្រង់សម្តីរបស់លោកArgo Yuwono មន្ត្រីសន្តិសុខជាតិឥណ្ឌូនេស៊ីដែលបានឲ្យដឹងថា ហិបបរិច្ចាគសម្រាប់មូលនិធិមនុស្សធម៌មានឈ្មោះ Abdurrachman Bin Auf (ABA) ហើយត្រូវបានបែកធ្លាយក្រោយសម្តីសារភាពរបស់ ជនសង្ស័យម្នាក់ឈ្មោះFitria Sanjaya។ ភាគច្រើនហិបបរិច្ចាគគឺស្ថិតនៅក្នុងខេត្ត Lampung ដោយមានហិបដល់ទៅ៦ពាន់ហិប។ នៅខេត្ត ស៊ូម៉ាត្រា ខាងជើងមាន៤ពាន់ហិប ។ ទីក្រុង Yogyakarta មាន២ពាន់ហិប ខេត្តជ្វាខាងកើតមាន៤៥០០ហិប។ ក្រៅពីនេះ នៅរដ្ឋធានីចាការតានិង ខេត្ត Maluku ក៏មានហិបបរិច្ចាគមនុស្សធម៌នោះដែរ។
ក្រុមភេរវកម្ម Jaamah Islamiyah (JI) បានដាក់ហិបបរិច្ចាគមនុស្សធម៌ក្នុងគោលដៅអូសទាញពលរដ្ឋបរិច្ចាគប្រាក់ឲ្យបានច្រើនដើម្បីផ្គត់ផ្គង់ក្រុម ភេរវកម្មដែលកំពុងតែជូបផលលំបាកខាងហិរញ្ញវត្ថុ៕ដោយ៖ធី រីណា
រូបភាព៖AP