បច្ចុប្បន្នមេដឹកនាំជាច្រើននៅលើពិភពលោកបានប្រកាសនិងធ្វើជាគំរូ ចាក់វ៉ាក់សាំងមុនគេក្នុងនោះមានទាំងអតីតប្រធានាធិបតី អូបាម៉ា ចច ដាប់ប៊ែលយូប៊ូស ប៊ីល គ្លីនតុន និងប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់អាមេរិក លោកបៃឌិន ផងដែរ។
ប៉ុន្តែសកម្មភាពចាក់វ៉ាក់សាំងដល់ក្រុមគ្រូពេទ្យជួរមុខដែលថតផ្សាយជាសាធារណៈត្រូវបានគេប្រទះឃើញថា ក្នុងបំពង់ម្ជុលចាក់ឲ្យគ្រូពេទ្យមិនមានវ៉ាក់សាំងឡើយ គឺជាការសម្តែង ធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត។
នៅពេលនេះ មជ្ឈមណ្ឌល សុខាភិបាលនៃមហាវិទ្យាល័យ El Paso បានប្រកាសឲ្យដឹងថា គិលានុបដ្ឋាយិកាដែលបង្ហាញខ្លួនក្នុងឃ្លីបវីដេអូ «ចាក់វ៉ាក់សាំងតែគ្មានវ៉ាក់សាំង» ពេលនេះបានចាក់ជាថ្មីម្តងទៀតហើយ។
មន្ទីរពេទ្យនៅទីក្រុងEl Paso រដ្ឋតិចសាស់ អាមេរិក ទទូលរងការរិះគន់ថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ដែលក្រុមគ្រូពេទ្យ «លេងល្បែងប៉ាហ៊ី»ទៅលើពលរដ្ឋដែលកំពុងតែស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ សារព័ត៌មានRT នៅថ្ងៃទី១៨ខែធ្នូបានផ្សាយថា មានគិលានុបដ្ឋាកគិលានុបដ្ឋាយិកាមួយចំនួនចាក់វ៉ាក់សាំងជាសាធារណៈដើម្បីថតផ្សព្វផ្សាយ ប៉ុន្តែក្នុងម្ជុលមិនមានវ៉ាក់សាំងឡើយ។ មន្ទីរពេទ្យ El Paso បានចាក់វ៉ាក់សាំងដល់គ្រូពេទ្យ៥នាក់ ដែលជាការឃោសនាឲ្យពលរដ្ឋនាំគ្នាទៅចាក់។
នៅក្នុងឃ្លីបវីដេអូស្តីពីការចាក់វ៉ាក់សាំងដល់គិលានុបដ្ឋាកទាំង៥នាក់ មានម្នាក់ម្ជុលមិនមានវ៉ាក់សាំង។ ពលរដ្ឋជាច្រើនបានបញ្ចេញមតិតាមបណ្តាញសង្គមថា សកម្មភាពខាងលើរបស់គ្រូពេទ្យ នឹងធ្វើឲ្យបាត់បង់ទំនុកចិត្តកាន់តែខ្លាំងពីពលរដ្ឋ។ អ្នកខ្លះបានលើកឡើងថា បើមិនព្រមចាក់កុំចូលរួម ព្រោះមិនមានការបង្ខិតបង្ខំឡើយ។
អ្នកនយោបាយជើងចាស់របស់គណបក្សប្រជាធិបតេយ្យលោកNate Lerner ដែលធ្លាប់ចូលរួមក្នុងក្រុមការងារឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងថា ក្រុមគិលានុបដ្ឋាកធ្វើដូច្នេះមិនខុសអ្វីពីការប្រឆាំងការចាក់វ៉ាក់សាំងនោះឡើយ។
ក្រុមប្រឆាំងការចាក់វ៉ាក់សាំង នឹងប្រើប្រាស់សកម្មភាពខាងលើដើម្បីវាយប្រហារ ញុះញង់ឲ្យពលរដ្ឋឈប់ចាក់វ៉ាក់សាំង ៕
ដោយ៖ធី រីណា(រូបភាព៖ KFOXTV)