ភ្នំពេញ៖ ទីបំផុត! កម្លាំងព្រហ្មពណ្ឌនគរបាលខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនឃាតកដែលបាញ់សម្លាប់បុរសម្នាក់បានហើយ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនដៃដល់ឈ្មោះសុខ ហេងសំបូរ ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ។ កាំភ្លើងដែលជនដៃដល់ធ្វើសកម្មភាពនោះម៉ាកCZ ។
សូមរំលឹកថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល មានករណីខ្មាន់កាំភ្លេីងបានបាញ់ប្រហារបុរសម្នាក់ចំនួន៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនដៃដល់ក៏គេចខ្លួនបាត់។
រហូតមកដល់រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើការឃាត់ខ្លួនជនដៃដល់បានតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជំពាក់លុយ។
ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ៕ដោយ៖ សុខាសែនជ័យ