ភ្នំពេញ៖ បង្រ្កាបបានករណីឃាតកម្មបាញ់ជនរងគ្រោះបណ្ដាលឲ្យស្លាប់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់មក សមត្ថកិច្ចនាំខ្លួនជនសង្ស័យជាឃាតក ទៅរកកាំភ្លើង ដែលបាញ់សម្លាប់ជនរងគ្រោះរួច យកទៅបោះចោលកន្លែងជីករណ្តៅដី ។
សូមបញ្ជាក់ថា, ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ឯក ស ថេតអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ចុះសហការស្រាវជ្រាវ ជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការរាជធានីភ្នំពេញ និងបានការសហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យពីរនាក់ ម្នាក់ជាជនដៃដល់បាញ់សំលាប់ជនរងគ្រោះ និងម្នាក់ជាអ្នកផ្ដល់កាំភ្លើងខ្លីឲ្យជនដៃដល់។
នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1ID-7477 តែម្នាក់ឯងចេញពីស្ទីម នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះពេលទៅដល់កន្លែងកើតហេតុ ក៏ត្រូវបានជនសង្ស័យបាញ់ប្រហារចំនួនបួនគ្រាប់ (ត្រូវបីគ្រាប់)។
ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្ត-ម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ)។
ជនសង្ស័យទី១ឈ្មោះ សុខ ហេងសំបូរ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនដៃដល់បាញ់ជនរងគ្រោះ)។
ជនសង្ស័យទី២ឈ្មោះ ផេង ស៉ីថុល ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ជាអ្នកផ្ដល់កាំភ្លើង)។
វត្ថុតាងដកហូត៖ អាវុធខ្លីម៉ាក CF98 មានគ្រាប់ចំនួន ០៩គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។ សូមកុំភ្លេច បើបងប្អូនមានបញ្ហា ករណីអីបន្ទាន់នៅមូលដ្ឋាន ខណ្ឌកំបូល សូមទូរស័ព្ទទៅកាន់លេខដូចខាងក្រោម:
☎️ 012 236 363 (អធិការ)
☎️ 078 266 665
☎️ 017 838 885 ស្ងួនពេជ្រ០៦ ៕
ដោយ៖សិលា