ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីការណែនាំជាបន្ទាន់៖ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជូនព័ត៌មានជាបន្ទាន់ស្តីពី ការការពារការចម្លងបន្តពីការផ្ទុះនូវការឆ្លងវីរុសកូរីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃ ក្នុងពេលថ្មីៗនេះ

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី១៩ និងទី២០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុង ប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការ ផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន (Samut Sakhon province of Thailand) នៃប្រទេស ថៃ រហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ដែលភាគច្រើនជាប្រជាជនភូមាដែលបានបម្លាស់ទី មកធ្វើការនៅក្នុងខេត្តនោះ រហូតដល់បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ ពីម៉ោង២២:00នាទី យប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១។

ដោយសារខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុង ព្រះរាជណាចក្រកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវនិងណែនាំដូចតទៅ៖

១. សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជាពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។ 

២. រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។

 ៣. ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។

 ៤. ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើង នៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម។

៥. អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័កដោយយថាហេតុណាមួយដែលយើង មិនបានដឹង។

៦. សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ -ឃុំ ប្រសិនបើមានជន ចំណូលថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។ 

៧. ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ-១៩ ទៅអាជ្ញាធរសុខាភិបាល ឬអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា។ ប្រសិនបើមានបញ្ហាណា មួយពាក់ព័ន្ធនឹងការចម្លងវីរុសកូវីដ -១៩ នេះ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិ បាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ , ០១២ ៤៨៨ ៩៨១, និង ០១២ ៨៣៦ ៨៦៨៕

ដោយ៖ សិលា


ចែករំលែក៖