ខេត្តសៀមរាប៖ បើយោងតាមក្រសួងវប្បធម៌ វិចិត្រសិល្បៈក្នុង អត្ថបទ សំណេរ ដោយកញ្ញា ហ៊ីង ស្រីរ័ត្ន ជាមួយរូបភាព ថតដោយ កញ្ញា ហ៊ីង ស្រីរ័ត្ន និងលោក យី សុថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា, សំណង់ប្រាសាទកណ្តាលស្រះស្រង់ ដែលដំណើរការជួសជុលអស់រយៈពេល៩ខែកន្លងមក ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលជាស្ថាពរនៅបំណាច់ឆ្នាំ២០២០នេះ។
កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់មកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងរៀបថ្មភក់រួតទី៧និងទី៨នៃប្រាសាទបង្ហើយ និងការរៀបចំកូនទំនប់ដើម្បីទប់ជើងទេរដែលធ្វើពីដីឥដ្ឋជុំវិញគ្រឹះប្រាសាទការពារពេលបញ្ចូលទឹកវិញ មិនធ្វើឱ្យដីឥដ្ឋរលុះ។
អ្នកជំនាញរូបនេះក៏បន្ថែមដែរថា រូបរាងប្រាសាទកណ្តាលស្រះស្រង់មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយក្រៀមនិងលាយថ្មភក់ចំនួន៨រួត។ នេះជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។
ក្នុងនោះដែរ កញ្ញា លីលីន ក៏បានឱ្យដឹងថា ក្រោយការជួសជុលតួប្រាសាទនិងបិទទំនប់ជើងទេររួចរាល់ អាជ្ញាធរជាតិអប្សរានឹងបើកទឹកបញ្ចូលវិញ។ ដើម្បីធានាសុវត្ថិភាពប្រាសាទពេលក្រោយពេលបញ្ចូលទឹក គឺក្រុមការងារបានរៀបចំគ្រឹះយ៉ាងពិសេសដោយប្រើថ្មបាយក្រៀមទាំងអស់នៅខាងក្នុង ប្រើដែកទាមថ្ពក់ភ្ជាប់រចនាសម្ព័ន្ធថ្មបាយក្រៀមមួយៗឱ្យជាប់មាំបានល្អ៕
ដោយ៖សិលា