ខេត្តស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ព្រមទាំងអាជ្ញាធរដែនដី នាំយកអំណោយលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ០៥ គ្រួសារ ដែលរស់នៅ ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងជួបការលំបាកខ្វះខាត និងត្រូវបានដោះស្រាយជាបន្តបន្ទាប់ក្នុងដំណាក់កាល នៃការការពារជំងឺឆ្លងកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះ=ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដែលកំសត់ មកជាប្រទេសដែលកំពុងអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យ។ តែទោះជាយ៉ាងណាក្តី ក៏សម្តេចតេជោ នាយករដ្ឋមន្ត្រីតែងតែនឹកគុណជានិច្ចចំពោះការលះបង់យ៉ាងធំធេងរបស់ បងប្អូនអតីតយុទ្ធជន ដែលលះបង់អាយុជីវិតក្នុងការ ការពារបូរណភាពទឹកដី ក្នុងកំឡុងពេលប្រទេសជាតិកំពុងមានសង្រ្គាម។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ដល់អតីតយុទ្ធជន ដែលកំពុងតែជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ស្របពេលដែលប្រទេសកម្ពុជាយើង ក៏កំពុងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ដូចគ្នាដែរ។ ក្នុងនោះដែរ លោកបានរំលឹកបន្ថែម ដល់ប្រជាជនដែលបានចូលរួមទាំងអស់ត្រូវការពារខ្លួនពី ជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានត្រឹមត្រូវតាមវិធានការនានារបស់ក្រសួងសុខាភិបាល៕
ដោយ៖សិលា