ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិវៀតណាម២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរក្សាទុកជួញដូរ និងចែកចាយគ្រឿងញៀន នៅតាមដងទន្លេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀន ។ ការឃាត់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចទំនប់បារាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ទី១ឈ្មោះប៊ុយ យាំងសាង ភេទប្រុស អាយុ២២ឆ្នាំ និងទី២ឈ្មោះចាំង ហ្វាំងថាន់ ភេទ
ប្រុស អាយុ៣០ឆ្នាំ ។ ពួកគេទាំង២នាក់ជាជនជាតិវៀតណាម ស្នាក់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន២កញ្ចប់ ឧបករណ៍ឆក់ត្រី១គ្រឿង និង កាណូតបាឡាស្មាច់ជិះធ្វើសកម្មភាព១គ្រឿងផងដែរ ។
លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅតាមដងទន្លេ ដែលសមត្ថកិច្ចដាក់កម្លាំងតាមដានជាច្រើនថ្ងៃមកហើយទើបតែចាប់ខ្លួនបាននៅថ្ងៃនេះ ។

ជនសង្ស័យទាំង២នាក់សមត្ថកិច្ចកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖ចន្ថា


ចែករំលែក៖