ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យចុះពិនិត្យនៅតាមខ្សែបន្ទាត់ព្រំដែនជួយណែនាំពលករឆ្លងដែន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ រួមជាមួយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យ នឹងក្រុមការងារ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យការងារតាមខ្សែបន្ទាត់ព្រំដែនទិស១ បន្ទាយមានជ័យ ។

ក្នុងឱកាសចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនទិសទី១បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោសេង ធារិន បានជួបសំណេះសំណាលជាមួយពលករខ្មែរនិងបានធ្វើការក្រើនរំលឹកដល់ពលករដែលឆ្លងដែនមកពីនេះត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាស់រក្សាគម្លាតសង្គម គម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះឡើងទៅ ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែល អោយបានញឹកញាប់និងត្រូវយកចិត្តទុកដាក់តាមដានសុខភាព ហើយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល បើមានបញ្ហាសុខភាពសូមទាក់ទងទៅគ្រូពេទ្យដែលប្រចាំការឬទាក់ទងទៅលេខ១១៥ ជាបន្ទាន់ ។

សូមបញ្ជាក់ថាគិតត្រឹមម៉ោង៥ល្ងាចនេះពលករខ្មែរដែលឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រកអូរបីជាន់ មានចំនួនសរុប ១៨៣នាក់ហើយត្រូវបានកម្លាំងកងទ័ពដឹកជញ្ជូនមកកាន់មណ្ឌលសុខភាពទី១ ជិតរង្វង់មូលប៉ោយប៉ែតដើម្បីធ្វើការយកសំណាកនឹងធ្វើចត្តាឡីស័ក ៕

 

ដោយ៖សូ រិយា


ចែករំលែក៖