ព័ត៌មានទាន់ហេតុការណ៍៖

ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឬសារធាតុសម្លាប់មេរោគ​ ឬអាល់កុល​ លេីសរីរាង្គមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ ការបំភ្លឺរបស់លោកស្រីវេជ្ជបណ្ឌិត ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ លេីអត្ថបទបកប្រែក្រៅផ្លូវការពីអត្ថបទរបស់អង្គការសុខភាពពិភពលោក​ លេីការបាញ់ទឹកសម្លាប់មេរោគ​ ឬសារធាតុសម្លាប់មេរោគ​ ឬអាល់កុល​ លេីសរីរាង្គមនុស្ស​ ដូចតទៅ៖

លោកស្រីវេជ្ជបណ្ឌិត អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា, ខ្ញុំសង្កេតឃេីញ មានការយកអត្ថបទដែលខ្ញុំបានបកប្រែក្រៅផ្លូវការ​ ប្រេីប្រាស់​ ខ្ញុំសូមអរគុណច្រេីន​ តែក៏ស្នេីសុំមេត្តាកុំយកទៅបន្ថែម​បន្ថយអំបិល​ ប៊ីចេង​ ឬស្ករ​ អីណា​ ដែលហួសពីខ្លឹមសារដែលបានចែកជូនសម្រាប់ជាការយល់ដឹង​ ដេីម្បីមានការប្រុងប្រយ័ត្ន​រៀងៗខ្លួន ហេីយខ្ញុំសុំបំភ្លឺជូនថា៖

១.​ ការលាងដៃដោយអាល់កុល​ ឬជែល​ ផលិតត្រឹមត្រូវតាមបច្ចេកទេស​ មិនប៉ះពាល់សុខភាពទេ​ ព្រោះវាបានជួយសម្អាតបាតដៃយេីង​ មិនដូចនឹងការបាញ់លេីដងខ្លួនឡេីយ​ ហេីយក៏ការបាញ់មួយភ្លែតលេីដងខ្លួននោះ​ ក៏មិនបានជួយអ្វីឡេីយ។  នៅអត្ថបទដែលខ្ញុំបានបកប្រែមិនផ្លូវការនោះ ខ្ញុំបានដាក់ច្បាស់ហេីយដែរលេីការលាងដៃនេះ​។

២.​ អាស្រ័យលេីការសម្រេចរបស់សាមីខ្លួន​ ឬស្ថាប័ន​ លេីការអនុវត្តន៍​ ខ្ញុំគ្រាន់តែចែករំលែកនូវការយល់ដឹងលេីសារៈប្រយោជន៍នៃការប្រេីប្រាស់ទឹកសម្លាប់មេរោគ​  ឬសារធាតុសម្លាប់មេរោគ ឬអាល់កុល​ តែប៉ុណ្ណោះ។  យេីងអាចគិតមេីលបានថា​ យេីងលាងដៃ​ យេីងមានរយ:ពេល​ និងមានការដុះលេីដៃត្រឹមត្រូវ​ ចុះបេីគ្រាន់តែដេីរបង្វិលមួយភ្លែត​ អាចសម្លាប់មេរោគបានដែរទេ?  ម្យ៉ាងទៀត​ ពេលទឹកអាល់កុល​បាញ់ចេញមក​ អ្នកមិនបានប្រុងប្រយ័ត្ន​ នឹងអាចចូលភ្នែក​ ដែលអាចឲ្យមានបញ្ហាភ្នែក​ ឬប៉ះមាត់​ ច្រឡំលេបចូល​ (ក្មេងៗ)​ ឬក៏អាចប៉ះផ្លូវដង្ហេីមដោយការស្រូបចូលដោយមិនដឹងខ្លួន ក៏អាចមានបញ្ហាអ្វីមួយក៏អាចថាបានដែរ។  

៣.​ ការបាញ់លេីសម្លៀកបំពាក់​ ឬស្បែកជេីង​ ឬរបស់ប្រេីប្រាស់ ដេីម្បីសម្លាប់មេរោគ​ ជាការល្អ​ មិនជាបញ្ហាអ្វីទេ​ សូមតែចៀសវាងការបាញ់ផ្ទាល់លេីដងខ្លួនប្រាណ​ និងការប៉ះពាល់ដល់ភ្នែក​ ឫអាចចូលមាត់​ និងការស្រូបចូលផ្លូវដង្ហេីមដោយភ្លេចខ្លួន​ ឫដោយប្រការណាមួយ​ ដែលអាចមានផលប៉ះពាល់ដល់សុខភាព។  

៤.​ សូមស្វែងយល់ទាំងអស់គ្នាលេីចំណុចនេះ​ ព្រោះ​ WHO គេមិនដែលបានណែនាំឲ្យធ្វេីបែបបាញ់​សម្លាប់មេរោគលេីខ្លួនប្រាណផ្ទាល់នោះឡេីយ។ 

៥.​ ក្រសួងសុខាភិបាល​ តាំងពីខែមករា​ ឆ្នាំ២០២០​ មក​ ក៏មិនដែលបានណែនាំឲ្យមានការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរ​ (សូមពិនិត្យមេីលការណែនាំកន្លងមករបស់ក្រសួង)​។  ដូច្នេះ​ ខ្ញុំគ្រាន់តែចែករំលែកនូវចំណេះដឹងលេីបញ្ហានេះ​ ដោយខ្ញុំមិនបានលេីកពីការហាមឃាត់​ ហេីយក៏ជាគោលការណ៍ស្ម័គ្រចិត្តក្នុងការអនុវត្តន៍នាពេលកន្លងមកក្នុងការប្រេីប្រាស់ម៉ាស៊ីនបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សនេះដែរ​  ព្រោះក្រសួង​ មិនដែលបានណែនាំឲ្យធ្វេីការបាញ់សម្លាប់មេរោគលេីខ្លួនប្រាណមនុស្សផ្ទាល់ដែរក្នុងពេលកន្លងមកនេះ​ ហេីយខ្ញុំគ្រាន់តែស្នេីសុំឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះឯង​៕

ដោយ៖សុខ ខេមរា


ចែករំលែក៖